(ហូជីមិញ)៖ កម្លាំងប៉ូលិសនៃទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម បានធ្វើការឃាត់មនុស្ស ០៧នាក់ ក្នុងប្រតិបត្តិការចុះឆែកឆេរមួយ ដែលរើបអូសបានសារធាតុផ្ទុះ TNT ក្រោយពីមានករណីផ្ទុះវាយប្រហារលើប៉ុស្តិ៍ប៉ូលិស កាលពីចុងខែមុន ខណៈមានការសង្ស័យថា ជាអំពើភេរវកម្ម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។
ប្រតិបត្តិការខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ផ្ទុះដ៏កក្រើកមួយ បានកើតឡើងកាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅ នៅឯស្ថានីយប៉ូលិសមួយកន្លែង ក្នុងសង្កាត់ តាន់ប៊ិញ (Tan Binh) នៃទីក្រុងហូជីមិញ ដែលបានបណ្តាលឲ្យមន្រ្តីប៉ូលិសម្នាក់រងរបួស និងបង្កការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ។
ក្រោយការស៊ើបអង្កេតជាង ១០ថ្ងៃមក កម្លាំងប៉ូលិសនៃទីក្រុងហូជីមិញ ក្រោមការសហការជាមួយសមត្ថកិច្ចមកពីខេត្តជិតខាង គឺ ដុងណៃ (Dong Nai) បានធ្វើការចាប់ខ្លួនជនសង្ស័យ ០៧នាក់ និងរឹបអូសបានសារធាតុផ្ទុះ TNT ទម្ងន់ ១០គីឡូក្រាម រួមជាមួយវត្ថុធាតុដទៃទៀត ដែលគេប្រើប្រាស់ដើម្បីផលិតគ្រាប់បែក។
គួរជម្រាបថា ក្នុងចំណោមមនុស្សទាំង ០៧នាក់ ខាងលើមាន ០៤នាក់ត្រូវបានចាប់ខ្លួនក្រោមការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម និង០៣នាក់ទៀតមានទាក់ទិនជាមួយការជួញដូរគ្រឿងផ្ទុះខុសច្បាប់៕