(ព្រះវិហារ)៖ អំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក សេង ទៀង តំណាងសម្តេចតេជោ អមដំណើរដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ យកទៅប្រគល់ជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលសម្រាលបានកូនភ្លោះ៣។

នៅក្នុងឱកាសនោះលោក សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នក ដែលសម្រាលបានកូនភ្លោះ៣ មិនតែប៉ុណ្ណោះ សម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង។ ជាមួយគ្នានោះដែរ លោកសេង ទៀង បានណែនាំឲ្យក្រុមគ្រួសារកូនភ្លោះទាំង៣នេះ ត្រូវថែរក្សាសុខភាពឲ្យបានល្អ។

លោកបន្តថា អំណោយដែលយកមកប្រគល់ជូននៅពេលនេះមានថវិកា ៥លានរៀល អង្ករ២០០គីឡូក្រាម ស្ករស៥គីឡូក្រាម ទឹកដោះគោចំនួន២កេស និងសារ៉ុង ក្រម៉ាផងដែរ។

សូមបញ្ជាក់ថា គ្រួសារប្រជាពលរដ្ឋ ដែលសម្រាលបានកូនភ្លោះ៣នោះ គឺសុទ្ធតែប្រុស ដែលរស់នៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ និងសម្រាលនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែក ១៦មករា ក្រុងព្រះវិហារ៕