(ភ្នំពេញ)៖ លោក កែម រិទ្ធិសិត តំណាងក្រុមគ្រួសារលោកបណ្ឌិត កែម ឡី បានថ្លែងប្រាប់ឲ្យដឹងថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះថា ក្រុមគ្រួសាររបស់លោកនឹងរៀបចំធ្វើបុណ្យគំរបខួប២ឆ្នាំ នៃការបាត់បង់ជីវិតរបស់លោកបណ្ឌិត កែម ឡី ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
បើតាមលោក កែម រិទ្ធិសិត ការរៀបចំធ្វើបុណ្យគំរប់ខួប២ឆ្នាំនេះ នឹងត្រូវរៀបចំធ្វើឡើងនៅគេហដ្ឋានរបស់សពលោកបណ្ឌិត កែម ឡី នាខេត្តតាកែវ។
ជាមួយគ្នានេះក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី ក៏បានធ្វើការអំពាវនាវដល់សាធារណជនទាំងអស់ ដែលស្រលាញ់គោរពរាប់អានលោកបណ្ឌិត កែម ឡី សូមចូលរួមបុណ្យ គំរប់ខួប២ឆ្នាំនេះឲ្យបានច្រើនកុះករ ដើម្បីឧទ្ទិសកុសលផលបុណ្យចូលលោកបណ្ឌិត ដែលបានចែកឋានទៅហើយ។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ថានីយប្រេងឥន្ធនៈកាលតិចជាប់ស្តុបបូកគោ ក្នុងខណ្ឌចំការមន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។ ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលក៏បានចាប់ខ្លួនបុរសម្នាក់ ឈ្មោះ អឿត អាង ដែលជាឃាតកសម្លាប់លោកបណ្ឌិត កែម ឡី។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធឃាតកម្មលើលោកបណ្ឌិត កែម ឡី នៅក្នុងស្តាម៉ាតបូកគោ។ លោក ជួប សម្លាប់ ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ចំនួន២បទល្មើសរួមមាន៖ បទឃាតកម្មគិតទុកជាមុន និងបទរក្សាទុកអាវុធខុសច្បាប់៕