(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋរួមគ្នា ថែរក្សាសន្តិភាព ដោយយើងមានសន្តិភាព និងស្ថេរភាពនយោបាយ ទើបយើងទទួលបានការអភិវឌ្ឍ ប្រទេសឲ្យរីកចម្រើន។ មិនតែប៉ុណ្ណោះ លោក ម៉ឺង សំផន ក៏បានអំពាវនាវឲ្យពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ការថ្លែងបែបនេះ ក្នុងឱកាសដែល នាយឧត្តមសេនីយ៍ ម៉ឹង សំផន អញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសាលាឃុំច្រេសស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាការកសាងឡើងដោយលោកផ្ទាល់ និងសមាជិកក្រុមការងារដែលចំណាយការសាងសង់អស់ថវិកាជាង៥ម៉ឺនដុល្លារ ហើយក៏ជាឃុំចុងក្រោយ ដែលត្រូវសម្ភោធក្នុងចំណោម៦ឃុំនៅស្រុកចន្ទ្រា។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងទៅកាន់ប្រជាពលរដ្ឋជិត២០០០នាក់ ដោយបាននាំនូវការផ្តាំផ្ញើសាកសួរសុខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ។
ប្រធានក្រុមការងារបានបន្តទៀតថា «ប្រទេសកម្ពុជា ធ្លាប់បានឆ្លងកាត់នៅភ្លើងសង្គ្រាម ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់ក្នុងរបបប្រល័យ ពូជសាសន៍ប៉ុលពត តែក្នុងរយៈពេល៣៩ឆ្នាំ កន្លងមកនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដោយបានដឹកនាំនាវាកម្ពុជា មានការរីកចម្រើនទាំងក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពរួមមាន៖ ទឹក ភ្លើង ផ្លូវ និងមនុស្ស ដូច្នេះត្រូវរក្សាសុខសន្តិភាពនេះ ឲ្យស្ថិតស្ថេរយូអង្វែង និងការពារដាច់ខាតកុំឲ្យកើតមានសង្គ្រាម»។
លោក ម៉ឺង សំផន បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់ ត្រូវការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេស ត្រូវផ្តល់សេវាសាធារណៈ ឲ្យបានរហ័សនៅ ក្នុងមូលដ្ឋាន។ បន្ថែមជាងនេះ ត្រូវរួមគ្នាថែរក្សាសមិទ្ធផល ដែលមានស្រាប់ និងបន្តកសាងឲ្យបានច្រើនបន្ថែមទៀត ក្នុងការសំរួលដល់ការរស់នៅរបស់ពលរដ្ឋឲ្យមានជីវភាពធូរធា។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបន្ថែមទៀតថា ការងារឥឡូវបានមកដល់គៀក និងផ្ទះសម្បែងយើងហើយដោយនៅខេត្តស្វាយរៀងនេះ រាជរដ្ឋាភិបាលបានបង្កើតឲ្យមានរោងចក្រសហគ្រាសជាច្រើន កន្លែងអាចស្រូបយកកម្មករបានរាប់ម៉ឺននាក់ ដូច្នេះត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តការងារអភិវឌ្ឍ ឲ្យរីកចម្រើនជាបន្តបន្ទាប់ទៀត។
បន្ទាប់ពីចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចមក នាយឧត្តមសេនីយ៍ បានដឹកនាំក្រុមការងារចុះពិនិត្យអាគាស្នាក់ការគណបក្សឃុំច្រេះដែលកំពុងសាងសង់ផងដែរ៕