(កំពង់ចាម)៖ ក្រសួងធម្មការ និងសាសនា មន្ទីរធម្មការខេត្តកំពង់ចាម និងការិយាល័យធម្មការ ស្រុកព្រៃឈរ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ បានសហការជាមួយសាលាអនុគណ ស្រុកព្រៃឈរ រៀបចំពិធីប្រកាសទទួលស្គាល់អាចារ្យ និងគណៈកម្មការវត្តថ្មពូន និងសំណេះសំណាល ជាមួយព្រះសង្ឃ លោកយាយ-លោកតា ក្រោមប្រធានបទ «យើងប្តេជ្ញា រួមគ្នាទៅបោះឆ្នោត» សរុប៣៥០អង្គ/នាក់។
ពិធីខាងលើនេះ រៀបចំធ្វើឡើងក្រោមអធីបតីភាព លោក សេង សុមុនី អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, ប្រធានគណចលនាសាសនាខេត្ត និងលោកស្រី មិន ចណ្ឌីណែត អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា, លោកស្រី សុភ័ក្ត្រ ប្រធានមន្ទីរធម្មការ និងសាសនា ដែលរៀបចំធ្វើឡើងនៅវត្តថ្មពូន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។
កម្មវិធីនេះក៏មានការចូលរួមពី លោក អ៊ុន សុផល អនុប្រធានមន្ទីរ, លោកស្រី ប៉ែន ច័ន្ទចរិយា សាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា, លោក ទូច ម៉ៃ អនុប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា, លោក ឆេង ឆវណ្ណនី ប្រធានការិយាល័យ និងលោក ឡុង តូយ ប្រធានការិយាល័យធម្មការស្រុក តំណាងគណអភិបាលស្រុក, ការិយាល័យជុំវិញស្រុក មេឃុំ អាជ្ញាធរដែនដី រួមទាំងកងកម្លាំងទាំងបីផ្នែក ស្រុកនិងឃុំផងដែរ។
ក្នុងឱកាសនោះ លោក សេង សុមុនី បានលើកពីការអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ រួមទាំងព្រះពុទ្ធសាសនា ក្រោមដំបូល សុខសន្តិភាព ដែលបានមកដោយការលះបង់សាច់ស្រស់ឈាម ស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ដូច្នេះយើងត្រូវរួមគ្នាខិតខំថែរក្សា ដោយការបោះឆ្នោតជូនជាការតបគុណ ដោយគោរពលើគោលការណ៍សំខាន់ៗ រួមមាន៖
១៖ រួមគ្នារក្សាសន្តិភាព នៅក្នុងសង្គម ជាមួយរាជរដ្ឋាភិបាល តាមរយៈសន្លឹកឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
២៖ ប្តេជ្ញាទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជន លេខរៀងទី២០ ឲ្យបានមួយរយភាគរយ។
៣៖ គាំទ្រអស់មួយជីវិត បេក្ខភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជារៀងរហូត៕