(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺរបស់ គណបក្សប្រជាជនកម្ពុជា បានចុះសួរសុខទុក្ខ កម្មករ កម្មការិនី ដែលបានរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករ នៅភូមិសាស្រ្តស្រុកបាទី ខេត្តតាកែវ។ ការចុះសួរសុខទុក្ខនេះ បានធ្វើឡើងនៅមន្ទីរពេទ្យព្រះកុសមៈ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ ចន្លោះគីឡូម៉ែត្រ 35-36។ ក្នុងនោះ កម្មកររងគ្រោះ មានចំនួនជាង៥០នាក់ មកពីឃុំស្នំក្រពើ និងឃុំមហាឬស្សី (រោងចក្រMOHA វណ្ណៈ2) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាពនានាក្នុងស្រុកគងពិសី និងរាជធានីភ្នំពេញ។
នៅក្នុងពេលជួបសួរសុខទុក្ខនោះ លោក ហ៊ុន ម៉ានី បានសម្តែងសោកស្តាយ និងព្រួយបារម្ភពីស្ថានភាពសុខភាពរបស់កម្មករ កម្មការិនី ចំពោះឧបទ្ទវហេតុដែលមិនគួរឱ្យកើតឡើងនេះ។ លោកបានជូនពរសូមឱ្យបងប្អូន កម្មករ កម្មការិនី ឆាប់បានជាសះស្បើយ៕