(ភ្នំពេញ)៖ លោកមេធាវី ខូវ ណារ៉ូ ដែលធ្លាប់ត្រូវបានប្រជាពលរដ្ឋចំនួន៦គ្រួសារ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ រឿងសូកប៉ាន់តុលាការ និងមន្ត្រីសុរិយោដីខេត្តកំពត និងរឿងប្រើប្រាស់អាវុធ ដើម្បីជួយឲ្យកូនក្តីរបស់លោកឈ្មោះ ស៊ុន សៀង ជាអតីតមន្ត្រីយោធា រួចផុតពីសំណាញ់ច្បាប់ ពាក់ព័ន្ធរឿងឆបោក បានអះអាងថា លោកឈប់ការពារសិទ្ធិឲ្យឈ្មោះ ស៊ុន សៀង នេះតទៅទៀតហើយ។
លោកមេធាវីរូបនេះ បន្ថែមថា លោកបានបំពេញកាតព្វកិច្ចជាមេធាវី ការពារសិទ្ធិឲ្យកូនក្តីឈ្មោះ ស៊ុន សៀង នៅខេត្តកំពតនោះមែន ប៉ុន្តែរឿងនោះបានចប់សព្វគ្រប់ លោកឈប់ការពារសិទ្ធិឲ្យកូនក្តីឈ្មោះ ស៊ុន សៀង យូរហើយ ដូច្នេះរឿងតុលាការកាត់ទោសកូនក្តីលោក នៅសាលាឧទ្ធរណ៍ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺលោកអត់ដឹងទេ។
សូមជម្រាបជូនថា ជនជាប់ចោទឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាមន្ត្រីយោធា (មុនពេលចាប់ខ្លួន) និងឈ្មោះ ហេង សាន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំ ត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត នឹងត្រូវតុលាការសាលាឧទ្ធរណ៍ កាត់ទោស២សំណុំរឿង មាន៤បទចោទប្រកាន់ ពាក់ព័ន្ធករណី ក្លែងឯកសារដីធ្លីជិត១ម៉ឺនហិកតា នៅខេត្តកំពត ដើម្បីឆបោកប្រាក់ពលរដ្ឋជិត១លានដុល្លារ។
លោកមេធាវី ខូវ ណារ៉ូ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ត្រូវបានពលរដ្ឋឈ្មោះ ជា សុខឃី និងឈ្មោះ ម៉ែន វណ្ណា ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធករណីរត់ការ សុំឲ្យតុលាការខេត្តកំពត ដោះលែងកូនក្តីរបស់លោកឈ្មោះ ស៊ុន សៀង នៅក្រៅឃុំ និងរឿងកាន់កាប់អាវុធ ម៉ាកឡុក ចំនួន១ដើម និងម៉ាកប៉េរេតាចំនួន១ដើម ដោយខុសច្បាប់។
ដោយឡែក បណ្តឹងទៅកាន់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមួយច្បាប់ទៀត មានពលរដ្ឋ៤គ្រួសារ រួមមាន៖ ឈ្មោះ សុខ រិន ឈ្មោះ កែវ សុជាតិ ឈ្មោះ អៀង រស្មី និងឈ្មោះ អៀង ចាន់ដារ៉ា បានប្តឹងលោក មេធាវី ខូវ ណារ៉ូ ដដែលពាក់ព័ន្ធរឿង សូកប៉ាន់តុលាការខេត្តកំពត ឲ្យតម្កល់រឿងឥតចាត់ការ ក្នុងករណីឆបោកដែលមានកូនក្តី ឈ្មោះ ស៊ុន សៀង រួមទាំងមានរឿង រ៉ាវរត់ការធ្វើឲ្យសំណុំរឿង មានភាពមិនប្រក្រតីជាច្រើនទៀតផងដែរ។
លោក ខូវ ណារ៉ូ បច្ចុប្បន្ន ជាមេធាវី នៃការិយាល័យមេធាវី KLSK LAW GROUP មានអាស័យដ្ឋាន ផ្ទះលេខ២៨៧ ផ្លូវសំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានថ្លែងប្រាប់តាមទូរស័ព្ទថា រឿងពលរដ្ឋប្តឹងលោកទៅអង្គភាពប្រឆាំងអំពើពុករលួយនោះ គឺលោកមិនបានប្រព្រឹត្តនោះទេ ហើយអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនបានកោះអញ្ជើញលោកទៅសួរនាំនោះទេ ប៉ុន្តែគណៈមេធាវីកម្ពុជាបានហៅលោកឲ្យទៅបំភ្លឺដែរពាក់ព័ន្ធនឹងពលរដ្ឋប្តឹងនេះ។
ដោយឡែក លោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានឲ្យដឹងថា ក្រោយទទួលដំណឹងថា លោកមេធាវី ខូវ ណារ៉ូ ត្រូវពលរដ្ឋប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយនោះ ក្រុមអធិការកិច្ច នៃគណៈមេធាវី បានស្រាវជ្រាវរកឃើញថា បណ្តឹងនោះជាបណ្តឹងអាណាមឹក មិនមានឈ្មោះដើមបណ្តឹងទាំងអស់នោះ នៅក្នុងសំណុំរឿងនោះទេ។
ទោះជាយ៉ាងក្តីលោក សួន វិសាល បានអំពាវនាវឲ្យមេធាវីទាំងអស់ គោរពច្បាប់គោរពក្រមសីលធម៏វិជ្ជាជីវៈរបស់ខ្លួន និងខិតខំរៀនសូត្រអំពីច្បាប់បន្ថែមដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន៕