(កណ្ដាល)៖ សមាជិក សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជាចំនួន១,៤២០នាក់ នៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានប្រកាសបញ្ចូល ជាសមាជិកពេញសិទ្ធិ​​ជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ពីមើលអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ​របស់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

​ប្រធានគណៈពង្រឹងឃុំស្អាងភ្នំ លោក អ៊ាវ ចំរើន បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនៅតែបន្ដរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ មិនថាគ្រប់កាលៈទេសៈណាទាំងអស់ ហើយប្រសិនបើគណបក្សប្រជាជនកម្ពុជជា ហ៊ានសន្យាហើយនោះ គឺត្រូវតែហ៊ានធ្វើ មិនមែនដូចបក្សដ៏ទៃសន្យាខ្យល់ បោកប្រាស់អ្នកគាំទ្រនោះទេ។

លោក អ៊ាវ ចំរើន បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបន្ដឲ្យប្រទេសកម្ពុជា មានសុខសន្ដិភាព ស្ថិរភាពនយោបាយ ពិសេសបន្ដការអភិវឌ្ឍជារៀងរហូត គ្រប់ទីកន្លែង។

សមាជិកថ្មីទាំង១,៤២០នាក់ បានប្រកាសថា ការចុះចូលនេះ គឺជាឆន្ទះពិតប្រាកដរបស់ពួកគាត់ ដោយមិនមានការបង្ខិតបង្ខំ ឬមានការគំរាមកំហែង ក៏ដូចជាការផ្តល់នូវ លាភសក្ការនោះទេ តែផ្ទុយទៅវិញ ​ដោយមើលឃើញ និង​ជឿទុកចិត្ត​មកលើគណបក្សប្រជាជនកម្ពុជា ជាពិសេស​ប្រជាពលរដ្ឋមាន ការជឿជាក់លើសម្តេចតេជោ ​ហ៊ុន សែន ដែលជា​ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ចាប់តាំងពីអណត្តិទី១ រហូតអណត្តិទី៥ និងអណត្តិបន្តៗទៀត។

បន្ថែមពីនេះ លោក អ៊ាវ ចំរើន បានគូសបញ្ជាក់ថា ការចូលជាសមាជិកថ្មី របស់​ប្រជាពលរដ្ឋទាំងអស់នេះ គឺជាសញ្ញាវិជ្ជមានមួយ ដែលអាចឈានទៅរកភាពជោគជ័យ យ៉ាងលើសលប់នៅថ្ងៃបោះឆ្នោតខាងមុខ ពីព្រោះថាសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ម្នាក់ៗគឺជាសម្លេងឆ្នោត មួយសម្លេង នៃសន្លឹកឆ្នោតដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោក អ៊ាវ ចំរើន ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោត នាថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បីគាំទ្រគណបក្សប្រជាជន ដឹកនាំប្រទេសរីកចម្រើនបន្ថែមទៀត៕