(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ បានចាត់ទុកថា អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន គឺជាតួអង្គយ៉ាងសំខាន់ ក្នុងការខិតខំត្រួសត្រាយផ្លូវ រហូតទទួលបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។
លោកបានថ្លែងបែបនេះ នៅបរិវេណដីវាល ក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនជាង១ពាន់នាក់ ដើម្បីសម្តែងនូវក្តីនឹករលឹក ដឹងគុណចំពោះ អ៊ំប្រុស អ៊ំស្រី និងជម្រាបជូនអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលកំពុងមានសព្វថ្ងៃ។
លោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានជម្រាបជូនថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៨ នៅទូទាំងស្រុកបាកាន មុខសញ្ញានិវត្តជន ទទួលរបបពីរដ្ឋមានចំនួន២៣៣នាក់ និងអតីតយុទ្ធជន៨១៥នាក់។ ហើយក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ និវត្តជនទទួលមរណៈភាព៥នាក់ និងអតីតយុទ្ធជន៦នាក់។ ជាទូទៅរៀបច្បងជាអតីតមន្ត្រីរាជការ និងអតីយុទ្ធជនរស់នៅជាមួយកូនចៅ និងសាច់ញ្ញាតិ និងមួយចំនួនតូចរស់នៅដោយពឹងផ្អែកលើខ្លួនឯង ទៅតាមកម្លាំងមនុស្សចាស់គួបផ្សំ និងរបបគោលនយោបាយប្រចាំខែ ដោយបើកប្រាក់បៀវត្តន៍ តាមរយៈបច្ចេកវិទ្យាATM ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។
លោក ម៉ៅ ធនិន បានថ្លែងថា អ៊ំប្រុស អ៊ំស្រី ជាអតីតជាមន្ត្រីរាជការ និងអតីយុទ្ធជន គឺជារៀបច្បង ជាតួអង្គយ៉ាងសំខាន់បំផុត ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ពេលនេះចប់ភារកិច្ច ក្នុងការបម្រើជាតិ និងប្រជាជន តែទោះជាយ៉ាងនេះក៏ដោយ សូមកុំឲ្យអស់សង្ឃឹមក្នុងជីវិត ព្រោះសង្គមជាតិត្រូវការ អ៊ំប្រុស អ៊ំស្រី ជួយបំពេញការតព្វកិច្ច និងជួយជ្រោមជ្រែងការងារដល់យុវជនជំនាន់ក្រោយៗ ដូចពាក្យថា «មនុស្សចាស់កម្លាំងខ្សោយស្គាល់ផ្លូវច្រើន យុវជនកម្លាំងខ្លាំងមិនទាន់
ស្គាល់ផ្លូវ បើគ្មានរៀមច្បងទេនោះ ក៏គ្មានថ្ងៃនេះដែរ» នេះជាការពិត ដែលយើងទាំងអស់ ត្រូវតែទទួលស្គាល់អំពីការពិតនេះ។
លោកបានថ្លែងបន្តទៀតថា ចាប់តាំងពីបានមកគ្រប់គ្រងរដ្ឋបាលខេត្តជាង៤ឆ្នាំមកនេះ ទាំងរូបលោក និងក្រុមការងារ តែងតែបានចុះជួបសំណេះសំណាល ជាមួយបងប្អូនគ្រួសារអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនគ្រប់ទីកន្លែង ក្នុងន័យបានប្រាស្រ័យទាក់ទង សំណេះសំណាល និងរំលឹកដឹងគុណ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលពួកគាត់បាន ខិតខំតស៊ូ ពុះពារ អត់ធ្មត់ គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល នៃការរួបរួមសាមគ្គីគ្នា ក្នុងកិច្ចការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសបានកសាង
កេរ្តិ៍ដំណែល និងស្នាដៃដ៏មានសារៈសំខាន់ ក្នុងការផ្តល់នូវចំណេះដឹង ចំណេះធ្វើនិងបទពិសោធន៍ល្អៗជាច្រើន សម្រាប់មន្ត្រីរាជការជំនាន់ក្រោយរៀនសូត្រ និងយកទៅអនុវត្តតាម។
លោកបានក្រើនរំលឹកដល់និវត្តន៍ជនទាំងអស់ថា ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាល បានខិតខំកសាងបានសមិទ្ធផលជាច្រើន ក្នុងនោះក៏មាន
ខេត្តពោធិ៍សាត់យើងផងដែរ ដូច្នេះត្រូវតែខិតខំថែរក្សាការពារសមិទ្ធផលនោះ ឲ្យបានគង់វង់យូរអង្វែងដល់កូនចៅ ជំនាន់ក្រោយៗទៀត តាមរយៈការអញ្ជើញទៅបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
លោកក៏បានចែកជូនវត្ថុកំដរដៃ ដល់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជនទាំង១ពាន់ ៤៨នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ត្រីខ១កំប៉ុង ថវិកា៣ម៉ឺនរៀល និងបានហូបបាយថ្ងៃត្រង់មួយពេល ប្រកបដោយក្តីសប្បាយរីករាយផងដែរ៕