(តាកែវ)៖ លោក សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានថ្លែងថា សន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាបច្ចុប្បន្ន គឺរកបានដោយសារការលះបង់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកជីវិតជាដើមទុនក្នុងចលនាតស៊ូរំដោះជាតិ និងប្រជាជន រហូតទទួលបានសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាង ៥០០ឆ្នាំមកហើយ តាមរយៈភាពជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨។
ក្នុងន័យនេះ ដើម្បីតបស្នងចំពោះគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោក្នុងបុព្វហេតុជាតិ និងប្រជាជន លោក សុខ សូកាន បានអំពាវនាវដល់ប្រជាពលដ្ឋដែលមានឈ្មោះបោះឆ្នោត មេត្តាជំរុញចលនាសាច់ញាតិបងប្អូនរបស់ខ្លួន ឱ្យអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ និងរួមគ្នាគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំនាវាកម្ពុជាកាន់តែមានការអភិវឌ្ឍជឿនលឿនទៅមុខជាងនេះទៀត។
លោក សុខ សូកាន បានថ្លែងបែបនេះ ក្នុងកម្មវិធីចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ជូនប្រជាពលរដ្ឋមកពីឃុំចំនួន៧ នៃស្រុកគិរីវង់ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។ កម្មវិធីនេះ ក៏មានការចូលរួមពីអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកគិរីវង់ ប្រធាន-អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំសោម លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ព្រមទាំងអភិបាល-អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក មន្រ្តីសាលាស្រុកគិរីវង់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងប្រជាពលរដ្ឋឃុំទាំង៧នៃស្រុកគិរីវង់ សរុបចំនួន ៥,២១១នាក់។
លោកអ្នកតំណាងរាស្រ្ត បានថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋស្រុកគិរីវង់ដោយផ្ទាល់។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះលោក ជីវ កេង ដែលបានយកចិត្តទុកដាក់ខ្នះខ្នែងឱ្យមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាលោក អឿង សៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំសោម ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងអាជ្ញាធរស្រុក ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីសម្របសម្រួលការចុះមកពិនិត្យព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកគិរីវង់ផងដែរ។
ក្នុងនាមជាយុវជនខ្មែរមួយរូប លោក សុខ សូកាន បានប្តេជ្ញាយកអស់កម្លាំងកាយចិត្ត បន្តការងារពីលោកពុក គឺសម្តេចវិបុលបញ្ញា សុខ អាន ក្នុងការសាងអភិវឌ្ឍនៅស្រុកគិរីវង់ ដើម្បីរួមចំណែកជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្រុកគិរីវង់ ក៏ដូចជាសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើងស្របតាមបណ្តាំរបស់លោកឪពុក៕