(បាត់ដំបង)៖ តំណាងរាស្ត្រមណ្ឌលបាត់ដំបង លោក ឡោក ហួរ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកសង្កែ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងាររួមមានលោក រុន រ័ត្នវសនា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអន្លង់វិល ឃុំរកា និងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងក្រុមការងារមួយចំនួនទៀត ចុះជួបសំណេះសំណាលជាមួ យសមាជិកបក្សជាង២ពាន់នាក់ នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក ឡោក ហួរ បានជម្រាបជូនប្រជាពលរដ្ឋថា នៅសល់តែរយៈពេល២៣ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ប្រទេសជាតិ យើងនឹងចូលមកដល់ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ដូច្នេះសូមបងប្អូនទាំងអស់ សូមត្រៀមរៀបចំឯកសារសម្រាប់បម្រើដល់ការបោះឆ្នោតឲ្យរួចរាល់ ដើម្បីចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
តំណាងរាស្ត្ររូបនេះបានបន្ថែមថា ជម្រើសល្អបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋ ដើម្បីបន្តបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តទៅមុខទៀត គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ និងមានរូបសញ្ញា ទេវតាបាចផ្កា ជាសម្គាល់៕