(ត្បូងឃ្មុំ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ បា​នអញ្ជើញជាអធិបតី ក្នុងពិធីតាំងពិព័រណ៌ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព រៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលរៀបចំធ្វើឡើង នៅទីប្រជុំជនផ្សារសួង ខេត្តត្បូងឃ្មុំ។

ពិធីតាំងពិព័រណ៌ផ្សារណាត់បន្លែ និងផលិតផល សុវត្ថិភាពខាងលើនេះ ក៏មានការចូលរួមដោយលោក ប៉ែន កុសល អភិបាលរងខេត្ត ថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានកសិកម្ម មន្រ្តីរាជការ អាជីវករ ក្រុមហ៊ុន កសិករផលិតបន្លែសុវត្ថិភាព សរុបចំនួន៣០០នាក់ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

វេទិកាផ្សារណាត់នាថ្ងៃនេះ មានគោលបំណង សំខាន់ធំៗចំនួន៤ រួមមាន៖

ទី១៖ ស្វែងរកទីផ្សារ ដើម្បីលក់ផលិតផលតាមរបៀបបញ្ជាទិញ ធានាបានបរិមាណ គុណភាពនិងតម្លៃ តាមរយៈការអនុវត្តការធ្វើកសិកម្មតាមកិច្ចសន្យា (Contract farming)។
ទី២៖ ជំរុញការផលិតបន្លែ និងផលិតផលតាមបច្ចេកទេស ស្តង់ដារត្រឹមត្រូវ ធានាគុណភាពសុវត្ថិភាព កាត់បន្ថយការនាំចូល។
ទី៣៖ ជំរុញ និងលើកទឹកចិត្ត ទាំងការផលិត និងការបរិភោគ ដើម្បីធានាដល់និរន្តរភាពផលិត សុខភាពអ្នកផលិត និងសុខភាពសាធារណៈ។
ទី៤៖ ផ្តល់ឱកាសឲ្យមន្រ្តីជំនាញ អ្នកផលិត និងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូល កសិកម្មបានជួប និងពិភាក្សាគ្នា ផ្លាស់ប្តូរបទពិសោធន៍ ដោះស្រាយបញ្ហាស្វែងរក និងសិក្សាបន្ថែមពីបច្ចេកទេស។

លោកអភិបាលរងខេត្ត ប៉ែន កុសល បានថ្លែងសូមធ្វើការគាំទ្រចំពោះកម្មវិធីនេះ ព្រោះវាអាចជួយជំរុញ និងបង្កើនការផលិតបន្លែ និងផលិតផល សុវត្ថិភាពបម្រើឲ្យទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល។

លោករដ្ឋមន្រ្តីបានកោតសរសើរ ដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត មន្រ្តីអនុវត្តគម្រោង ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត អនុវត្តគម្រោងសម្រេចបានលទ្ធផលល្អ ដូចបានឃើញនាថ្ងៃនេះ។

លោក វេង សាខុន បន្ដថា ជាពិសេសសូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានឧបត្ថម្ភថវិកា ដើម្បីអនុវត្តគម្រោងជំរុញផលិតកម្មស្បៀង ផ្តោតសំខាន់ទៅលើការ ផលិតពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាព ក្នុងទិសដៅកាត់បន្ថយការនាំចូល និងជាពិសេស ដើម្បីបង្កើនប្រាក់ចំណូលដល់កសិករខ្នាតតូច និងខ្នាតមធ្យមតាមរយៈ៖

១៖ ធ្វើការបង្វែរទិសដៅ ផលិតពីការផលិត សម្រាប់ផ្គត់ផ្គង់គ្រួសារ កែប្រែសួនបន្លែ ទៅជាចំការបន្លែ ការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងផលិតតាមបែបប្រពលវប្បកម្ម និងកសិឧស្សាហកម្មវិញ។
២៖ បញ្ចូលបច្ចេកទេសផលិត ការជ្រើសរើសពូជ ការប្រើប្រព័ន្ធដំណក់ទឹក ការប្រើប្រាស់ផ្ទះសំណាញ់ ដើម្បីកាត់បន្ថយហានីភ័យ បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល ធានាគុណភាព សុវត្ថិភាពបន្លែ និងផលិតផល។
៣៖ កែលម្អខ្សែសង្វាក់ផលិតកម្ម ផលិតតាមផែនការ ឬតាមកម្មវិធីច្បាស់លាស់ ផលិតតាមការបញ្ជាទិញ តាមតម្រូវការទីផ្សារ និងចាំបាច់ត្រូវអនុវត្តតាមគោលការណ៍អនុវត្តកសិកម្មល្អ (GAP) ហើយត្រូវធ្វើកសិកម្ម តាមកិច្ចសន្យា។
៤៖ ក្រៅពីការផលិត អ្នកផលិត ក៏ត្រូវគិតគូផងដែរពីការវិចខ្ចប់ ការកែច្នៃថែរក្សាទុកដាក់ និងដឹកជញ្ជូនផលិត ផលទៅកាន់ទីផ្សារ។

លោកបន្ថែមទៀតថា ទាំងយន្តការផលិត និងបច្ចេកទេសផលិតបាន និងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩ ទៅឆ្នាំ២០៣០ ដែលត្រូវប្រែក្លាយវិស័យកម្ពុជា ទៅកសិកម្មទំនើបកម្ម មានការប្រកួតប្រជែង ធននិងបម្រែបម្រួលអាកាសធាតុ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តីក៏បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម ខិតខំឲ្យអស់លទ្ធភាព ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ពីគុណភាព សុវត្ថិភាពបន្លែ ផ្លែឈើ និងផលិតផលផ្សេងៗ ដើម្បីធានាបាននូវតម្លាភាពទីផ្សារ សច្ចភាព និងយុត្តិធម៌ក្នុងការប្រកួតប្រជែង៕