(ព្រះវិហារ)៖ ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពក្រីក្រមានសមាជិករហូត៨នាក់ រស់នៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានទទួលអំណោយពីលោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ តាមរយៈក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងព្រះវិហារ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។
លោក ឆៅ វុទ្ធា ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងព្រះវិហារ បានមានប្រសាសន៍ថាថ្ងៃនេះក្រុមការងារ បាននាំអំណោយជាថវិកា ចំនួន១,២០០,០០០រៀល ដែលជាអំណោយដ៍ថ្លៃថ្លារបស់លោក អ៊ុន ចាន់ដា ប្រគល់ជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដែលមានសមាជិក៨នាក់នៅក្នុងបន្ទុក។
នៅក្នុងឱកាសនោះលោក ឆៅ វុទ្ធា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោក អ៊ុន ចាន់ដា ដែលជានិច្ចជាកាល លោកតែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខេត្តព្រះវិហារគ្រប់ៗរូប។
ជាមួយគ្នានោះផងដែរ លោក ឆៅ វុទ្ធា បានមានប្រសាសន៍ផ្តាំផ្ញើរឱ្យពួកគាត់អញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសនៅអាណត្តិទី៦បន្តទៀត ដើម្បីឱ្យប្រទេសយើងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយពិសេសជាងនេះទៅទៀតកុំជឿតាមការញុះញុងបោកប្រាស់ និងការសន្យាខ្យល់របស់ក្រុមជនអគតិមួយចំនួនឡើយ។
ដោយការរំភើបត្រេកអររកអ្វីមកប្រៀបផ្ទឹមពុំបាននោះ ក្រុមគ្រួសារខាងលើបានថ្លែងអំណរគុណដល់លោក អ៊ុន ចាន់ដា តាមរយៈក្រុមការងារដែលបានយកអំណោយជាថវិការមកជូនគាត់ដល់លំនៅដ្ឋាន ស្របពេលដែលគាត់កំពុងតែជួបប្រទះការខ្វះខាត ហើយពួកគាត់សន្យាថានិងដឹកនាំសមាជិកគ្រួសាររបស់គាត់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ៕