(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់តាមរយៈ Facebook ថា យុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នឹងត្រូវបើកជាផ្លូវការនៅថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ព្រមជាមួយនឹងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ក៏ប្រារព្ធខួបកំណើតលើកទី៦៧ នៅថ្ងៃសៅរ៍ស្អែកនេះផងដែរ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានបង្ហាញនូវក្តីសប្បាយរីករាយ ចំពោះបងប្អូនជនរួមជាតិ ដែលបាននិងកំពុងរង់ចាំព្រឹត្តិការណ៍ដ៏សំខាន់ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។ សម្តេចសូមលើកទឹកចិត្តឲ្យបងប្អូនជនរួមជាតិ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយជម្រើសដ៏ល្អបំផុត គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា « សុខសប្បាយជាទេ បងប្អូនជនរួមជាតិនិងក្មួយៗយុវជនយុវតី?
ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការ គឺនឹងមកដល់នៅថ្ងៃសៅរ៍ទី ៧ កក្កដានេះហើយ។ រីឯចំពោះគណបក្សប្រជាជនយើងវិញ ការប្រារព្ធខួបកំណើតបក្សលើកទី៦៧ ក៏នឹងប្រារព្ធធ្វើនៅថ្ងៃសៅរ៍ខាងមុខនេះដែរ។ តើបងប្អូនបានរៀបចំ និងត្រៀមខ្លួនហើយឬនៅ?
ខ្ញុំរំភើបនឹងសប្បាយរីករាយជាខ្លាំង ដែលបានឃើញជនរួមជាតិ និងក្មួយៗសស្រាក់សស្រាំគ្រប់ៗគ្នា ចាប់តាំងពីទីក្រុងដល់ជនបទ ដោយទឹកមុខសប្បាយរីករាយរង់ចាំថ្ងៃដ៏សំខាន់បំផុត សម្រាប់ប្រទេសជាតិ ដែលនឹងមកដល់ឆាប់ៗក្នុងខែកក្កដានេះ។ ខ្ញុំសូមលើកទឹកចិត្តបងប្អូន ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីប្រទេសជាតិយើងទាំងអស់គ្នា។
ជម្រើសដ៏ល្អបំផុត គឺសូមបងប្អូនបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ។
សូមជូនពរជនរួមជាតិ និងក្មួយៗយុវជនយុវតីជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ មានរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ ២៧ ខែកក្កដា ឆ្នាំ២០១៨។ សម្រាប់ការបោះឆ្នោតនេះមានគណបក្សនយោបាយចំនួន២០គណបក្សចូលរួមប្រកួតប្រជែង៕