(បាងកក)៖ ក្រុមអ្នកជួយសង្រ្គោះថៃបានរកឃើញសាកសពភ្ញៀវទេសចរម្នាក់ និងកំពុងតាមស្វែងរកមនុស្ស ៥៣នាក់ ផ្សេងទៀតដែលបានបាត់ខ្លួនក្រោយទូកទេសចរណ៍ពីរគ្រឿង លិចនៅឯឆ្នេរសមុទ្រនៃខេត្ត ភូកេត (Phuket) ដោយសាររលកកម្ពស់ដល់ទៅ ០៥ម៉ែត្រ បង្កឡើងដោយព្យុះ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។
អគ្គស្ថានកុងស៊ុលចិនប្រចាំខេត្ត សុងក្លា (Songkhla) បានអះអាងថា សាកសពភ្ញៀវទេសចរ ដែលគេស្រង់ចេញពីទឹកគឺជាជនជាតិចិនម្នាក់ ស្ថិតនៅក្នុងចំណោមភ្ញៀវទេសចរណ៍ចិន ៥០នាក់ ដែលបានបាត់ខ្លួន ខណៈ៧៦នាក់ទៀត ត្រូវបានជួយសង្រ្គោះ។
ទូកទាំងពីរគ្រឿងខាងលើដឹកភ្ញៀវទេសចរចិន ១២៧នាក់ ក្នុងនោះរួមមានសមាជិកក្រុមអ្នកទេសចរ ៣៦នាក់ មកពីខេត្ត ស៊ីជាំង (Zhejiang) ភាគខាងកើតប្រទេសចិន បានក្រឡាប់លិចកាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅឯឆ្នេរសមុទ្រនៃខេត្ត Phuket ដោយសាររលកកម្ពស់ដល់ទៅ ០៥ម៉ែត្រ ដែលបានបង្កឡើងដោយព្យុះ។
គួរបញ្ជាក់ថា អាជ្ញាធរថៃបានអះអាងថា ពួកគេធ្លាប់បានព្រមានពីព្យុះដែលកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប៉ុន្តែទូកទាំងពីរខាងលើនៅតែចេញដំណើរទៅសមុទ្រដដែល៕