(កំពង់ធំ)៖ បេក្ខជនតំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ធំ លោក យឹម លាត បានថ្លែងទៅកាន់សិស្សត្រៀមប្រលងបាក់ឌុបថា ឲ្យតែប្រឹងប្រែងសិក្សា និងស្វែងយល់រាល់មេរៀនដែលគ្រូបានបង្រៀននោះពួកគេនឹងប្រលងជាប់ជាក់ជាមិនខាន។
បេក្ខជនតំណាងរាស្ត្រវ័យក្មេងរូបនេះ បានថ្លែងដូច្នេះក្នុងពេលរូបលោករួមជាមួយក្រុមការងារអតីតនិស្សិតខ្មែរ មកពីប្រទេសបារាំង អូស្ត្រាលី និងសិង្ហបុរី រួមគ្នារៀបចំសិក្ខាសាលាតម្រង់ទិសសម្រាប់ការត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិ និងបន្តថ្នាក់ឧត្តមសិក្សា ដល់សិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុនសែន រុងរឿង ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨នេះ។
នាឪកាសជួបជាមួយសិស្សានុសិស្ស ប្រមាណ ១០០ នាក់នេះ លោក យឹម លាត បានជំរុញឲ្យសិស្សានុសិស្សរៀនរៀបកាលវិភាគផ្ទាល់ខ្លួនក្នុងការរំលឹកមេរៀន និងស្វ័យសិក្សានៅផ្ទះ។
លោក យឹម លាត បានថ្លែងក្នុងឱកាសនោះថា «មានតែប្អូនៗខ្លួនឯងប៉ុណ្ណោះ ជាអ្នកកំណត់ភាពជោគជ័យក្នុងការប្រលងខាងមុខ ដោយឈរលើគោលការណ៍ អ្នកចេះ គឺជាប់ ដែលជាគោលនយោបាយកំណែទម្រង់អប់រំរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះប្អូនៗត្រូវតែប្រឹងប្រែងត្រង់ត្រាប់ស្តាប់គ្រូក្រេបយកចំណេះដឹងទាំងនេះ។ ចំណេះដឹងនេះមិនត្រឹមជួយឲ្យប្អូនប្រលងជាប់នោះទេ តែវាជាប្រទីបបំភ្លឺផ្លូវប្អូនៗពេញមួយជីវិតផងដែរ»។
ក្នុងឱកាសនោះ លោក យឹម លាត ក៏បាននាំយកនូវសំភារៈសិក្សាត្រៀមប្រលង និងថ្នាំសង្កូវមួយចំនួនជូនសិស្សានុសិស្សនៅវិទ្យាល័យ « ហ៊ុនសែន រុងរឿង» ផងដែរ៕