(កណ្តាល)៖ សិស្សានុសិស្សដែលជាកូនចៅប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ ត្រូវបានមើលឃើញថា កម្រិតប្រើប្រាស់ភាសាអង់គ្លេសរបស់ពួកគេកាន់តែប្រសើរ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីគ្រូជំនាញរយៈពេល៦ខែកន្លងមកនោះ។

បើទោះបីជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ នៅតែបន្តជំរុញឲ្យសិស្សានុសិស្សទាំងនេះប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹងផ្នែកភាសាអង់គ្លេសនេះបន្ថែមទៀត ដើម្បីដណ្តើមទីផ្សារការងារទៅថ្ងៃអនាគត។

សូមរំលឹកថា លោក ស៊ុន ចាន់ថុល បានរៀបចំកាលពី៦ខែមុន បានរៀបចំការបណ្តុះបណ្តាលជូនសិស្សានុសិស្សជាកូនចៅប្រជាពលរដ្ឋនៅស្រុកកោះធំដោយឥតគិតថ្លៃ ហើយការបណ្តុះបណ្តាលនោះទៀតសោត គឺយកសុទ្ធតែគ្រូជនជាតិដើម ដែលមានកម្រិតគរុកុសលផ្នែកបណ្តុះបណ្តាលភាសាអង់គ្លេសខ្ពស់ថែមទៀត។ ការរៀបចំបណ្តុះបណ្តាលនេះ ក្នុងបំណងពង្រឹងសមត្ថភាពភាសាអង់គ្លេសដល់សិស្សនៅក្នុងស្រុកកោះធំ ដ្បិតភាសាបរទេសមួយនេះជាតម្រូវការចាំបាច់ទាំងការស្រាវជ្រាវក្នុងការសិក្សា ក៏ដូចជាបង្កើនឱកាសការងារទៅថ្ងៃអនាគតផងដែរ។

បន្ទាប់ពីសិក្សាបាន៦ខែ សិស្សានុសិស្សទាំងនោះ ត្រូវបានគេសង្កេតឃើញការប្រើប្រាស់ភាសាអង់គ្លេសរបស់គាត់មានភាពល្អប្រសើរជាងមុនច្រើន។ នៅថ្ងៃទីថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល បានអញ្ជើញចែកវិញ្ញាបនបត្របញ្ចប់វគ្គសិក្សាភាសាអង់គ្លេសដល់ពួកគេផងដែរ

ពីធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន អភិបាលនៃ គណៈអភិបាលស្រុកកោះធំ នាយក និងនាយករងរដ្ឋបាលស្រុកកោះធំ ប្រធានការិយាល័យ និង អនុប្រធានការិយាល័យនៃការិយាល័យនៅជុំវិញស្រុកកោះធំ លោកនាយក នាយិការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កីឡាករ និងប្រជាពលរដ្ឋសរុបប្រមាណ ៣.៥៧៩នាក់។

លោកទេសរដ្ឋមន្ត្រីបានថ្លែងក្នុងឱកាសនោះថា «ក្មួយៗសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងសិក្សាភាសាអង់គ្លេសបន្ថែមទៀត ដើម្បីស្វែងរកការងារធ្វើមានប្រាក់ខែខ្ពស់ និងអាចប្រាស្រ័យទាក់ទងគ្នាក្នុងការបំពេញការងារ និង អាចស្រាវជ្រាវតាមប្រព័ន្ធអ៉ីនធើណេតបាន។ ទីផ្សារការងារសព្វថ្ងៃមាន ការប្រកួតប្រជែងខ្ពស់ ធ្វើឲ្យមនុស្សនៅទូទាំងពិភពលោកធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីស្វែងរកការងារដែលមានប្រាក់ខែខ្ពស់»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានកោតសរសើរដល់ក្មួយៗសិស្សានុសិស្សដែលមានសមត្ថភាពខ្ពស់ក្នុងការនិយាយភាសាអង់គ្លេសបានល្អគួរឲ្យកត់សម្គាល់ដោយប្រើរយៈពេលសិក្សាត្រឹមតែ៦ខែប៉ុណ្ណោះ ដែលនេះ ជាក្តីសង្ឃឹមអាចពង្រីកកម្មវិធីសិក្សាបន្ថែមទៀតបាន។ លោក ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណផងដែរដល់លោកគ្រូអ្នកគ្រូដែលបានខិតខំអស់ពីកម្លាំងកាយ និងកម្លាំងចិត្តដើម្បីបង្រៀនសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជាទីគាប់ចិត្ត។

ក្នុងកិច្ចសំណេះសំណាលនោះ លោក ស៊ុន ចាន់ថុល ក៏បានគូសរំលេចផងដែរ ឱកាសផ្តល់ការសិក្សារៀនសូត្រ ផ្តល់ចំណេះដឹងដល់កូនចៅប្រជាពលរដ្ឋ ក៏ដូចជាការកសាងសមិទ្ធផលនានានៅក្នុងស្រុកកោះធំ អាចធ្វើទៅបាន ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយអភិវឌ្ឍប្រទេសច្បាស់លាស់។

លោក ស៊ុន ចាន់ថុល បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យរួមគ្នាថែរក្សាសុខសន្តិភាព និងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តទទួលបានភាពរីកចម្រើន និងសមិទ្ធផលថ្មីៗជាបន្តទៀត។

បន្ទាប់ពីសំណេះសំណាលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាកិត្តិយសប្រគល់វិញ្ញបនបត្របញ្ចប់វគ្គសិក្សាភាសាអង់គ្លេសដល់សិស្សានុសិស្ស និងប្រគល់ពានរង្វាន់ជូនក្រុមកីឡាបាល់ទាត់ដែលទទួលបានជយលាភីលេខ១ លេខ២ លេខ៣ និងលេខ៤ ព្រមទាំងផ្ដល់ពានរង្វាន់លើកទឹកចិត្តជូនគ្រូបង្វឹក កីឡាករឆ្នើម និងអ្នកចាំទីឆ្នើមផងដែរ៕