(ភ្នំពេញ)៖ បន្ទាប់ពីដាក់សម្ពោធឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នូវផ្លូវដែកពីពោធិ៍សាត់ មកបាត់ដឹង និងបាត់ដឹង មករាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវដែកនៅកម្ពុជាយើង ភាគខាងជើងពីភ្នំពេញ-ប៉ោយប៉ែត ចំងាយ៣៨៦គីឡូម៉ែត្រ និងខាងត្បូង ពីភ្នំពេញ-ព្រះសីហនុ ចម្ងាយ២៦៦គីឡូម៉ែត្រ បានស្ដារឡើងវិញរួចរាល់ហើយ។
ទេសរដ្ឋមន្ដ្រីបន្ដថា «ឥលូវនេះ យើងបានស្ដាររួចរាល់ហើយនូវផ្លូវដែកខាងជើង ពីភ្នំពេញ-ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ចំណាយថវិកាសរុប៨៣.៦លានដុល្លារ ក្នុងនោះថវិកាជាតិយើង៧០លានដុល្លារ ថវិកា១៣លានដុល្លារ ជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។ សម្រាប់ផ្លូវដែក ភាគខាងត្បូង ពីភ្នំពេញ-ព្រះសីហនុ ចំណាយថវិកាសរុប ១១០លានដុល្លារ ក្នុងនោះថវិកាជាតិយើងមានតែ៤លាន ក្រៅពីនោះមកពីធនាគារអភិវឌ្ឍអាស៊ី ADB និងដៃគូសផ្សេងៗទៀត។ ដូចនេះផ្លូវដែកយើងទាំងអស់នេះ នឹងអាចជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋយើង កាន់តែប្រសើរមួយផ្នែកទៀត ពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។
រដ្ឋមន្ដ្រីក្រសួងសាធារណការ បានថ្លែងទៀតថា ផ្លូវរថភ្លើងនៅប្រទេសកម្ពុជាយើង ភាគខាងជើងពីភ្នំពេញទៅប៉ោយប៉ែត ចំងាយ៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង តែផ្លូវដែកនេះ ត្រូវបានអាក់ខានប្រើប្រាស់ ក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាមទសវត្សរ៍ឆ្នាំ៧០។ ផ្លូវដែកខាងត្បូងនៃកម្ពុជា ពីភ្នំពេញ-ព្រះសីហនុ ចម្ងាយ២៦៦គីឡូម៉ែត្រ សាងសង់នៅឆ្នាំ១៩៦០-១៩៦៩ ដោយព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
លោកបន្ដថា «ឥលូវនេះ ក្រសួងសាធារណការ បានស្ដាររួចរាល់ហើយនូវផ្លូវដែកទាំងនេះ ដែលការងារនេះ យើងបានចាប់ផ្ដើមខិតខំប្រឹងប្រែងយ៉ាងខ្លាំងចាប់ពីឆ្នាំ២០០៩មកម្ល៉េះ ពិសេស៣ខែចុងក្រោយនេះ គឺធ្វើទាំងយប់ ទាំងថ្ងៃ ដើម្បីបញ្ចប់ឲ្យបានដូចថ្ងៃនេះ ដោយសារយើងខ្ញុំនៅក្រសួងសាធារណការ បានសន្យា និងរាយការណ៍ ជូនសម្ដេចតេជោ ហ៊ុន សែន ថា យើងខ្ញុំនឹងបញ្ចប់ជាសា្ថពរនូវផ្លូវរថភ្លើងនេះ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ហើយសម្ដេចតេជោ ក៏បានឯកភាពហើយ ទើបយើងខ្ញុំក៏បានផ្សព្វផ្សាយព័ត៌មាននេះ ទៅកាន់ប្រជាពលរដ្ឋ ឲ្យលោកបានដឹងថាថ្ងៃ០៤ ខែកក្កដានេះ យើងនឹងដាក់ដំណើរបណ្ដោះអាសន្ននូវផ្លូវដែក ពីពោធិ៍សាត់-បាត់ដឹង និងបាត់ដឹង-មកភ្នំពេញ»។
ព្រមជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ យើងអាចធ្វើដំណើរតាមរថភ្លើងបានពីភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ ទៅប៉ោយប៉ែត និងតភ្ជាប់ទៅដល់បាងកកតែម្ដង បន្ទាប់ពីការចុះកិច្ចព្រមព្រៀងពីចុះរវាងរដ្ឋមន្ដ្រីកម្ពុជា-ថៃ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨។ ក្រោយពេលដែលយើងធ្វើចប់សព្វគ្រប់នោះ យើងនឹងអញ្ជើញសម្ដេចតេជោហ៊ុន សែន និងនាយករដ្ឋមន្ដ្រីថៃ ជិះរថភ្លើងឆ្លងកាត់ព្រំដែនកម្ពុជាថៃ។ ក្នុងនោះទៀត ថៃក៏បានសន្យាថា នឹងផ្ដល់ក្បាលរថភ្លើងមួយ ទូរចំនួន៤ ជួយមកដល់កម្ពុជាយើង។ លើសពីនោះ ក្រសួងក៏បានការសិក្សាផ្លូវដែករួចរាល់ហើយ ដោយមិត្ដចិន ពីបាត់ដឹង ខេត្ដកំពង់ស្ពឺ ទៅកាន់វៀតណាម ចម្ងាយ២៥៥ គីឡូម៉ែត្រ ហើយបើយើងអាចតភ្ជាប់ផ្លូវដែកទៅព្រំដែនវៀតណាមបានមែននោះ យើងនឹងតភ្ជាប់ផ្លូវដែក ទៅដល់ផ្លូវដែកមិត្ដចិនតែម្ដង។
សូមស្ដាប់ប្រសាសន៍របស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដូចខាងក្រោមនេះ៖