(កំពង់ធំ)៖ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានគូសបញ្ជាក់ថា មនុស្សគ្រប់រូបៗ ត្រូវការជាចាំបាច់នូវ សេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយមិនអាចអត់ សេចក្ដីសុខមួយណាបានឡើយ ដូច្នេះសូមនាំគ្នាប្រព្រឹត្តិតែអំពើល្អ និងជៀសឲ្យផុតពីអំពើអបាយមុខ ដែលនាំឲ្យខ្លួនធ្លាក់ក្នុងនរក។

ការបញ្ជាក់បែបនេះ របស់លោកស្រី​ ខៀវ ស៊ីណា ជា ចាន់តូ ធ្វើឡើងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨​​នៅក្នុងឱកាស លោកស្រីនាំទៀនព្រះវស្សា គ្រឿងបរិក្ខា និងបច្ច័យទៅប្រគេន​ ដល់វត្តចំនួន៤៥ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកស្រីបានថ្លែងថា ការស្វែងរកសេចក្ដីសុខ ទោះជាមានការលំបាកយ៉ាងណា ក៏ដោយបើសិនជាមនុស្សគ្រប់រូប មានការជឿជាក់និងមានសេចក្ដី
ស្ងប់ក្នុងចិត្ត និងស្គាល់ពីតម្លៃពិតនៃសុខនោះ រមែងទទួលនូវបានក្ដីសុខសាន្ដ ជាក់មិនខានឡើយ។ ដូចនេះមនុស្សម្នាក់ៗ ត្រូវធ្វើអំពើជាកុសល និងស្គាល់គុណទោស កុំសាងនូវឧបាយផ្សេងៗ ដែលបំផ្លាញនូវសេចក្ដីសុខ ដែលខំសន្សំនោះជាដាច់ខាត។

លោកស្រីបន្ថែមថា ​អ្វីដែលមនុស្សគ្រប់រូបត្រូវការទៀតនោះ គឺសុខសន្តិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ពិតជាមានតម្លៃធំធេងណាស់សម្រាប់ការរស់នៅចិញ្ចឹមជីវិត ទាំងនេះសុទ្ធតែនាំឲ្យផ្លូវចិត្តមនុស្សគ្រប់រូប មានឱកាសស្វែងរកសេចក្ដីសុខ តាមផ្លូវចិត្តតាមការធ្វើបុណ្យទានក្នុងផ្លូវព្រះពុទ្ធសាសនានោះ។

លោកស្រី ខៀវ ស៊ីណា ជា ចាន់តូបានបន្តទៀ៎ថា ដោយមើលឃើញពីតម្លៃ និងតួនាទីរបស់វិស័យព្រះពុទ្ធសាសនានោះ ទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចាត់ទុកថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលមានប្រជាពុទ្ធបរិសទ្ធជាង៩៥% ជាអ្នកគោរពប្រតិបត្តិ ហើយកាលណាវិស័យអាណាចក្រមានការរីកចម្រើន វិស័យពុទ្ធចក្រក៍មានការរីកចម្រើនជឿលឿនដែរ ដូចនេះសូមចូលរួមថែរក្សាការពារ​ សាសនា និងសុខសន្តិភាព ដែលកម្ពុជាទទួលបានតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានដាច់ខាត។

នៅក្នុងឱកាសនោះ លោកស្រីបានអំពាវនាវ ដល់ប្រជាពុទ្ធបរិស័ទឲ្យ ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សម្រាប់អាណ្ណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សណាដែលផ្ដល់សុខសន្ដិភាព និងភាពសប្បាយរីករាយដល់ពលរដ្ឋ។

ក្នុងនោះលោស្រី បានប្រគេនទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ បរិក្ខា និងបច្ច័យ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស​ នៅវត្តចំនួន៤៥ក្នុងស្រុកសន្ទុក ក្នុងនោះមួយវត្តៗទទួលបាន ទៀនព្រះវស្សាមួយគូរ អង្ករ, មី, ត្រីខ, ទឹកដោះគោ, ទឹកសុទ្ធ, ទឹកក្រូច,ទឹកត្រី, ទឹកស៊ីអ៊ីវ អំបិល, ប៊ីចេង, តែ, កាហ្វេ និងបច្ច័យ មួយចំនួន ក្នុងនោះក៏បានជូនថវិកា ដល់លោកតា អាចារ្យតាវត្តទាំង៤៥ វត្ត ដោយទទួលបានជាថវិកា
ក្រណាត់ស, សំពត់ ដែលសរុបជាទឹកប្រាក់ជាង៥០លានរៀល៕