(ព្រះវិហារ)៖ ប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ រស់នៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ បានទទួលអំណោយជាថវិកាពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ តាមរយៈក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងព្រះវិហារ។
លោក ឆៅ វុទ្ធា ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងព្រះវិហារ បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងព្រះវិហារ បាននាំអំណោយជាថវិកាចំនួន ១,២០០,០០០រៀល ដែលជាអំណោយរបស់លោក អ៊ុន ចាន់ដា យកទៅប្រគល់ជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលមានសមាជិក៨នាក់នៅក្នុងបន្ទុក។
ក្នុងឱកាសនោះ លោក ឆៅ វុទ្ធា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក អ៊ុន ចាន់ដា ដែលជានិច្ចកាល លោកតែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋខេត្តព្រះវិហារគ្រប់ៗរូប។
ជាមួយគ្នានេះដែរ លោក ឆៅ វុទ្ធា បានផ្តាំផ្ញើឱ្យពួកគាត់អញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសនៅអាណត្តិទី៦បន្តទៀត ដើម្បីឱ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ ពិសេសកុំជឿតាមការញុះញុងបោកប្រាស់ និងការសន្យាខ្យល់របស់ក្រុមជនអគតិមួយចំនួន។
ដោយការរំភើបត្រេកអររកអ្វីមកប្រៀបផ្ទឹមពុំបាននោះ ក្រុមគ្រួសារខាងលើបានលើកហត្ថបួងសួង និងសូមថ្លែងអំណរគុណដល់លោក អ៊ុន ចាន់ដា តាមរយៈក្រុមការងារដែលបានយកអំណោយជាថវិការមកជូនគាត់ដល់លំនៅដ្ឋាន ស្របពេលដែលគាត់កំពុងតែជួបប្រទះការខ្វះខាត ហើយពួកគាត់សន្យាថា នឹងដឹកនាំសមាជិកគ្រួសាររបស់គាត់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕