(កំពង់ធំ)៖ ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់មេក្រុមបក្សគ្រប់គ្រងសមាជិកបក្សឱ្យបានល្អ និងត្រួតពិនិត្យរាល់ឯកសារបម្រើឱ្យការបោះឆ្នោត ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។
ការជំរុញបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសលោកជួបសំណេះសំណាល ជាមួយប្រធានក្រុមបក្សនៅឃុំគគីរធំ (ពេលព្រឹក) និងឃុំចុងដូង (ពេលរសៀល) នៃស្រុកបារាយណ៍ សរុបចំនួនប្រមាណ ៥០០នាក់ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។
លោក ថោង ខុន បានលើកឡើងថា ប្រជាពលរដ្ឋមួយចំនួនអាចប្រឈមនឹងការខ្វះឯកសារ សម្រាប់បម្រើឱ្យការបោះឆ្នោត ព្រោះថាពលរដ្ឋខ្លះបាត់អត្តសញ្ញាណបណ្ណ ពលរដ្ឋខ្លះបានយកអត្តសញ្ញាណបណ្ណទៅដាក់បញ្ចាំ ដើម្បីខ្ចីលុយ ឬធ្វើកិច្ចការផ្សេងៗទៀត ដូច្នេះអាជ្ញាធរមូលដ្ឋាន ពិសេសមេឃុំត្រូវជួយសម្រួលរៀបចំឯកសារពាក់ព័ន្ធនានា ដើម្បីឱ្យពួកគាត់មានឯកសារគ្រប់គ្រាន់ចូលរួមការបោះឆ្នោត ទោះបីជាពួកគាត់គាំទ្រគណបក្សណាក៏ដោយ។
លោក ថោង ខុន ក៏បានថ្លែងរម្លឹកឡើងវិញដែរ អំពីស្ថានភាពនយោបាយទូទៅ រួមទាំងការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកថា សមិទ្ធផលទាំងឡាយដែលកើតឡើងព្រោងព្រាត រួមទាំងស្ថិរភាពសង្គម សន្តិភាព ទាំងអស់នោះគឺកើតឡើងដោយសារបាតដៃគណបក្សប្រជាជនកម្ពុជា ខណៈគណបក្សផ្សេងទៀត រួមទាំងអតីតគណបក្សប្រឆាំងគឺគ្មានឡើយ ហើយពួកគេបានត្រឹមតែស្រែកបន្ទោសបង្អាប់ លាបពណ៌ប៉ុណ្ណោះ។
លោក ថោង ខុន បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៣ ដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោត ហើយគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា គឺយើងមិនដែលធ្វើអ្វីខុសពីគន្លងនៃលទ្ធិប្រជាធិបតេយ្យនោះទេ ខណៈការរៀបចំបោះឆ្នោតជាច្រើនអាណត្តិ កន្លងមកនេះ គឺបានប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយដែលមានគណបក្សជាច្រើនបានចូលរួមប្រកួតប្រជែង។ លោកសង្កត់ធ្ងន់ថា ព្រោះតែយើងបានដើរលើគន្លងនៃលទ្ធិប្រជាធិបតេយ្យនោះហើយ ទើបប្រទេសជាតិមានសុខសន្តិភាព មានការរីកចម្រើនដូចសព្វថ្ងៃនេះ។
លោកក៏បានអំពាវនាវឱ្យសមាជិកបក្ស និងប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី២០ ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់ ដើម្បីបានសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៦ និងអាណត្តិក្រោយៗទៀត៕