(សៀមរាប)៖ លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោកស្រី នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ ក្នុងនោះក៏មាន លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខាផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានឲ្យដឹងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ ដ៏ថ្មីស្រឡាងនេះ គឺជាសមិទ្ធផលទី១០ ក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលត្រូវបានដំណើរការសាងសង់តាំងពីខែកក្កដា ឆ្នាំ២០១៧ និងរួចរាល់ជាស្ថាពរ នៅខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមលោក ឃឹម ប៊ុនសុង អគារនេះមានក្រឡាផ្ទៃសរុប១៣៦ម៉ែត្រការ៉េ និងត្រូវបានសាងសង់លើផ្ទៃដីទំហំ១,៤១០ម៉ែត្រការ៉េ ដើម្បីប្រតិបត្តិការមនុស្សធម៌ ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របបាវចនា «ធ្វើឲ្យកាន់តែច្រើនជាងមុន ធ្វើឲ្យកាន់តែល្អជាងមុន ធ្វើឲ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យបានកាន់តែឆ្ងាយជាងមុន»។
ម្យ៉ាងវិញទៀត ដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះ បានកំណត់ទស្សនៈវិស័យ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ ហើយសាខាបានយកចិត្តទុក ដាក់បំពេញបេសកម្មមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤៖ ការគ្រប់គ្រងគ្រោះមហន្តរាយ, សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស។
ជាមួយគ្នានេះដែរ សប្បុរសជនដែលអញ្ជើញមកក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អនុសាខាកាកបាទក្រហមកម្ពុជានេះ បានចូលរួមថវិកា១៣,៥០០,០០០រៀល និង៨,១០០ដុល្លារ ដើម្បីចាត់ចែង និងទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ខ្លួន។ ក្នុងពិធីនេះដែរ លោក ឃឹម ប៊ុនសុង បានឧបត្ថម្ភជូន ដូនជី តាជី សំពត់ស១ដុំ ថវិកា២ម៉ឺនរៀល, ប្រជាពលរដ្ឋអ្នកស្ម័គ្រចិត្ត សារុង១ ថវិកា១ម៉ឺរៀល យុវជនកាកបាទក្រហម និងសិស្សនុសិស្ស សៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកា១ម៉ឺនរៀល៕