(កណ្តាល)៖ លោក ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៥ ខែកក្កដានេះបានជំរុញឲ្យកសិករបង្កើនការផលិតបន្លែសុវត្ថិភាព និងមានបិទស្លាកសញ្ញាត្រឹមត្រូវតាមស្តង់ដារ ដើម្បីបំពេញតម្រូវការបន្លែសុវត្ថិភាពដែលចេះតែកើនឡើង។
ការជំរុញនេះធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាតំណាងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងពិធីផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោក ទី សុគន្ធ បានថ្លែងថា សក្ដានុពលនៃវិស័យកសិកម្ម គឺនៅតែមិនទាន់បានប្រើប្រាស់អស់លទ្ធភាពនៅឡើយទេ ដែលធ្វើឱ្យតម្រូវការក្នុងស្រុកជាច្រើន ជាពិសេសផលិតផលសាកវប្បកម្ម ត្រូវបានជំនួសដោយការនាំចូលពីប្រទេសជិតខាង ដើម្បីបំពេញតម្រូវការមួយភាគធំនៃការកើនឡើងតម្រូវការក្នុងស្រុក។ យោងតាមរបាយការណ៍អង្កេតបន្លែ កាលពីពេលកន្លងទៅ ប្រទេសកម្ពុជានាំចូលបន្លែអាស្រ័យលើរដូវកាល ប្រមាណពី២០០-៤០០តោនក្នុងមួយថ្ងៃ ដែលមានតម្លៃជាទឹកប្រាក់ប្រហែលពី១៥០-២០០លានដុល្លារក្នុងមួយឆ្នាំ។
លោកថ្លែងថា «បច្ចុប្បន្នដោយសារប្រជាជនកម្ពុជា មានកំណើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងមានជីវភាពកាន់តែប្រសើរ និន្នាការ និងទម្លាប់នៃការហូបចុកក៏មានការប្រែប្រួល ដោយពួកគាត់បានយកចិត្តទុកដាក់ខ្ពស់លើគុណភាពនិងសុវត្ថិ ភាពចំណីអាហារ ជាពិសេសបន្លែ និងផ្លែឈើស្រស់ បន្ថែមពីនេះគឺមានចំនួនទេសចរណ៍កើនឡើងជាលំដាប់។ ប៉ុន្តែការផលិត និងផ្គត់ផ្គង់បន្លែមានសុវត្ថិភាពនៅលើ ទីផ្សារក្នុងស្រុកនៅមានកម្រិតតិចតួចនៅឡើយ ដូច្នេះការបង្កើនផលិតកម្មបន្លែសុវត្ថិភាព និងមានបិទស្លាកសញ្ញាត្រឹមត្រូវតាមស្តង់ដារ ជាការងារចាំបាច់បំផុត ដែលត្រូវសហការគ្នាសម្រេចឱ្យបានគោលដៅនេះ»។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានខិតខំធ្វើយ៉ាងណាប្រមូលផ្តុំ និងប្រើប្រាស់ធនធាន និងសក្តានុពលដែលមានស្រាប់ ព្រមទាំងកៀងគរជំនួយបន្ថែមទៀត សំដៅលើកកម្ពស់ផលិតភាពកសិកម្ម និងពាណិជ្ជូបនីយកម្ម កសិកម្ម ដោយបង្វែរទិសពីការអភិវឌ្ឍតាមបែបវិបុលកម្ម ទៅកាន់ការអភិវឌ្ឍន៍តាមបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម ពោលគឺការពង្រីកសមត្ថភាពដាំដុះលើផ្ទៃដីដែលមានស្រាប់ តាមរយៈការបង្កើនរដូវដាំដុះដោយ ប្រើប្រាស់បច្ចេកទេសទំនើប ប្រើប្រាស់គ្រាប់ពូជដែលមានគុណភាពល្អ និងការបង្កើនតម្លៃបន្ថែមក្នុងការកែច្នៃ កសិផល ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ទាំងបរិមាណ គុណភាព សុវត្ថិភាព និងស្តង់ដារ។
លោក ទី សុគន្ធ បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានសាកល្បងលើកដំបូងក្នុងការវិនិយោគថវិកាចំនួន ២០ លានដុល្លារ អាមេរិក រយៈពេល ០៣ឆ្នាំ (២០១៦-២០១៩) ដើម្បីឱ្យអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ អនុវត្តគម្រោងជំរុញផលិតកម្មស្បៀង ក្នុងខេត្តគោលដៅចំនួន១១។
លោករដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ដើម្បីធានាឳ្យមានទីផ្សារតម្លៃកសិផល បានល្អសម្រាប់កសិករក្នុងរយៈពេលវែង ក៏ដូចជាការធានាបាននូវផលប្រយោជន៍សម្រាប់កសិករ ការលើកទឹកចិត្តកសិករ ដែលជាអ្នកផលិត និងលើកស្ទួយផលិតផលកសិកម្មរបស់ជាតិ គួរត្រូវបានពិនិត្យពិចារណាលើការកែលម្អរចនាសម្ព័ន្ធខ្សែច្រវាក់ផលិតកម្មបន្លែ លំហូរការផ្គត់ផ្គង់ផលិតផលបន្លែ មធ្យោបាយដឹកជញ្ជូនបន្លែប្រកបដោយសុវត្ថិភាព និងមធ្យោបាយផលិតបានទាំងរដូវប្រាំងនិងវស្សា ព្រមទាំងមធ្យោបាយត្រួតពិនិត្យគុណភាពបន្លែ ឬផលិតផលកសិកម្ម បន្ថែមលើបទដ្ឋានបច្ចេកទេសនៃការផលិតបន្លែ តាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ (GAP) ដែលបានណែនាំឱ្យកសិករអនុវត្តកន្លងមក៕