(ភ្នំពេញ)៖ នៅថ្ងៃនេះនាយកប្រតិបត្តិនៃបណ្តាញព័ត៌មាន Fresh News លោក លឹម ជាវុត្ថា បានធ្វើកិច្ចសម្ភាសន៍ខ្លីមួយជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ពាក់ព័ន្ធនឹងសកម្មភាពមួយថ្មីទៀតរបស់លោក សម រង្ស៊ី ដែលលោកឧបនាយករដ្ឋមន្រ្តីចាត់ទុកថា ជាបទល្មើសក្បត់ជាតិថ្មីរបស់ទណ្ឌិតរូបនេះតែម្តង។
លោក លឹម ជាវុត្ថា៖ «សូមជម្រាបសួរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, ឯកឧត្តម កាលពីម្សិលមិញ លោក សម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋងើបឡើងប៉ះបោរ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន និងក៏បានអំពាវនាវឲ្យកងទ័ព កុំឱ្យបង្រ្កាបអ្នកណាដែលងើបប្រឆាំងជាមួយ រដ្ឋាភិបាលថែមទៀត។ ចំពោះការអំពាវនាវនេះ តើឯកឧត្តម យល់យ៉ាងណាដែរ?»
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖ បាទ ! ខ្ញុំយល់ថា នេះជាការអំពាវនាវធ្វើបដិវត្តន៍ពណ៌មួយទៀត។ ការអំពាវនាវធ្វើបដិវត្តន៍ពណ៌ ជាអំពើក្បត់ជាតិថ្មីមួយទៀត របស់ទណ្ឌិត សម រង្ស៊ី ដែលកន្លងមក បានប្រព្រឹត្តអំពើក្បត់ជាតិច្រើនណាស់ហើយ។ យើងសង្កេតឃើញអតីតមេដឹកនាំគណបក្សប្រឆាំងមួយរូប កំពុងជាប់ពន្ធនាគារអំពីរឿងអំពាវនាវ ឲ្យធ្វើបដិវត្តន៍ពណ៌នេះ ដល់ឥឡូវអតីតមេដឹកនាំបក្សប្រឆាំងមួយទៀត ដែលនៅក្រៅប្រទេសរត់គេចខ្លួនទៅបរទេសដល់សព្វថ្ងៃនេះ បែរជាអំពាវនាវធ្វើបដិវត្តន៍ពណ៌មួយទៀត។ ច្បាស់លាស់ណាស់ សម្តីនេះ គឺជាការអំពាវនាវធ្វើបដិវត្តន៍ពណ៌។ ដូច្នេះខ្ញុំយល់ថា គួរមាននីតិវិធីតាមផ្លូវច្បាប់ ដើម្បីផ្តន្ទាទោសការអំពាវនាវធ្វើបដិវត្តន៍ពណ៌នេះ។ បដិវត្តន៍ពណ៌នេះ នឹងជាការបរាជ័យមួយផ្សេងទៀត របស់ទណ្ឌិត សម រង្ស៊ី ដោយសារសព្វថ្ងៃនេះការសង្ឃឹមមួយ ការចង់បានមួយ ពីការចង់បានមួយ ការទាមទារមួយ ពីការទាមទារមួយ ត្រូវបរាជ័យហើយ ឥឡូវការអំពាវនាវជាឧក្រិដ្ឋកម្មនេះ នឹងបរាជ័យមួយទៀត។
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖ ដោយសារសព្វថ្ងៃកងទ័ពកម្ពុជា កងកម្លាំងប្រដាប់អាវុធទាំងអស់ ទាំងនគរបាល ទាំងកងទ័ព ប៉េអឹម កងការពារសម្តេចទាំងអស់ គេនៅពីក្រោយសម្តេច គាំទ្រសម្តេចតេជោ គាំទ្ររាជរដ្ឋាភិបាលកម្ពុជា គាំទ្រសន្តិភាពនៅកម្ពុជាសព្វថ្ងៃនេះ និងការអភិវឌ្ឍ។ ក្នុងហ្នឹងប្រជាជនយើងក៏អញ្ចឹងដែរ គេកំពុងសប្បាយរីករាយ ជិតទៅបោះឆ្នោត នៅថ្ងៃទី២៩ កក្កដា ខាងមុខនេះហើយ គេកំពុងសប្បាយរីករាយពីសន្តិភាពពេញទី ទូទាំងប្រទេសគេកំពុងសប្បាយរីករាយពីការ អភិវឌ្ឍលើគ្រប់វិស័យ នាំឲ្យជីវភាពប្រជាជនទាំងអស់ ទាំងមន្ត្រីរាជការ ទាំងកងទ័ព ទាំងកម្មករ កម្មការិនី ទាំងកសិករទាំងអស់ មានការធូរស្រាល ធូរធារទាំងអស់។
ជាការល្អណាស់ ការអំពាវនាវនេះនឹងបរាជ័យថ្មីមួយទៀត ហើយការអំពាវនាវនេះ គឺថាជាការល្អណាស់ ដោយសារតុលាការយើង បានកាត់ទោសរំលាយចោលអតីត បក្សសង្គ្រោះជាតិ បើទុកឲ្យមានគណបក្សសង្គ្រោះជាតិនេះ ទុកឲ្យមានអ្នកដឹកនាំគណបក្សសង្គ្រោះជាតិនេះ ច្បាស់ជាស្រុកយើងមិនបានសុខទេ ហើយពេលមិនបានសុខ ពេលអត់សន្តិភាព ក៏មិនមានការអភិវឌ្ឍដែរ។ ដូចនេះ ជាការល្អណាស់ដែលកន្លងមក តុលាការយើងបានសម្រេចលុបចោល គណបក្សប្រឆាំងនេះ ចាប់មេដឹកនាំមួយ ដាក់ពន្ធនាគារ មេដឹកនាំមួយរត់ចោលស្រុក គេចពីការជាប់ពន្ធនាគារដែរ រត់ចោលស្រុកនេះ។ ដូច្នេះនេះជាការបរាជ័យមួយរបស់ មិនមែនរបស់រាជរដ្ឋាភិបាលទេ ការជោគជ័យ ពីការអំពាវនាវឲ្យធ្វើបដិវត្តន៍ពណ៌នេះ ជាជោគជ័យរបស់ប្រជាជនយើង របស់កងទ័ពយើង៕