(ភ្នំពេញ)៖ នៅសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក អ្នកបើកបរ កម្មករ-កម្មការីនី បោសសំរាមរបស់ក្រុមហ៊ុន ស៊ីន ទ្រី ទូទាំងរាជធានីភ្នំពេញ ចំនួន១៧១១នាក់ ស្ថិតនៅវិមានពិភពថ្មីសែនសុខ ស្ថិតក្នុងសង្កាត់ឪភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកអភិបាលរាជធានីភ្នំពេញ បានកោតសរសើរដល់កម្មករ បោសសំរាម សំអាតដី តាមដងផ្លូវ មានស្មារតីយល់ដឹងលែងបោសដី ប្រមូលសំរាមដាក់មាត់លូដូចមុនទៀត។
ក្នុងឱកាសជួបសំណេះសំណាលនេះលោក ឃួង ស្រេង បានជំរុញឲ្យកម្មករ-កម្មការិនី ដែលបានចុះឈ្មោះបោះឆ្នោត សូមត្រៀមឯកសារឲ្យគ្រប់គ្រាន់ និងនាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៩ កក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ខណៈអ្នកត្រូវទៅបោះឆ្នោត នៅតាមបណ្តាលខេត្តឆ្ងាយៗ អាចឈប់សម្រាកបានរយៈពេល៣ថ្ងៃ។ ក្រុមហ៊ុនស៊ីនទ្រី មានបុគ្គលិក កម្មករ សរុបប្រមាណ២០០០នាក់ និងមានរថយន្តប្រមូលសំរាម ជាង៤០០គ្រឿង សម្រាប់ប្រតិបត្តិការដឹកជញ្ជូនសំរាមដឹកចេញក្រៅក្រុងឲ្យទាន់ពេលវេលា។
ក្នុងឱកាសនោះដែរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនដល់បុគ្គលិក កម្មករ កម្មការីនី ប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីន ទ្រី ចំនួន១៧១១នាក់ ដែលក្នុងម្នាក់ៗ ទទួលបាន មី១កេះ សារុង១ និងថវិការចំនួន២ម៉ឺនរៀលផងដែរ៕