(ក្រចេះ)៖ អភិបាលខេត្តក្រចេះ និងប្រធានកិត្តយសសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តក្រចេះ លោក វ៉ា ថន បានជួបសំណេះសំណាលជាមួយបងប្អួន គ្រួសារអតីយុទ្ធជន និងគ្រួសារពលីមរណៈ ក្នុងពិធីផ្តល់ដីសម្បទានសង្គមកិច្ច​ និងលំនៅឋានផ្ទះឈើចំនួន៤០ខ្នងផ្ទះ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជូនដល់ពួកគាត់សម្រាប់រស់នៅ។

ប្រធានគណៈកម្មាធិការសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានឲ្យដឹងថា គ្រួសារនិវត្តជន និងគ្រួសារអតីយុទ្ធជនពលីមរណៈចំនួន៤០គ្រួសារ សុទ្ធសឹងតែរស់នៅខេត្តក្រចេះ ត្រូវទទួលបានការចែកជូនដីសម្បទានសង្គមកិច្ច នៅចំណុចភូមិសំបួរសែនជ័យ ឃុំស្វាយជ្រៈ ស្រុកស្នួល ហើយការបែងចែកនេះ នឹងត្រូវផ្តល់ជាអាទិភាព មុនដល់គ្រួសារអតីតយុទ្ធជនដែលទីទ័លក្រ។

ក្នុងនោះមួយគ្រួសារទទួលបានដីទំហំ៣០គុណ៤០ម៉ែត្រ និងសាងសង់លំនៅឋានផ្ទះឈើចំនួន៤០ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ជូនពួកគាត់រស់នៅ។

បើតាមលោកឧត្តមសេនីយ៍ទោ លន់ សុផាត សមាគមកំពុងតែរៀប​ចំគំរោងបែងចែកដីកសិកម្ម សម្រាប់ផ្តល់ជូនពួកគាត់ដើម្បីទុកបង្កបង្កើនផលថែមទៀត។

នៅក្នុងឱកាសនោះលោក វ៉ា ថន បានសម្តែងនូវការលើកទឹកចិត្តពីគុណបំណាច់ស្នេហាជាតិរបស់បងប្អូនអតីតយុទ្ធជនកន្លងមកថា មានស្នាដៃយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន។

លោកថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានសមាគម ក៏ដូចជានាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ជាអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន កម្ពុជា បានេជម្រុញឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ បង្កើនការយកចិត្តទុកដាក់លើសុខទុក្ខការរស់នៅ របស់បងប្អូនអតីតយុទ្ឋជន ដោយមិនទុកឲ្យបងប្អូនរស់នៅដយឯកោមិនមានការដឹងលឺ ពីអាជ្ញាធរនោះទេ៕