(ភ្នំពេញ)៖ ក្លឹបកម្សាន្ត «EPIC» បានពង្រីកសាខាទី២ របស់ខ្លួនបន្ថែមទៀត នៅ Eden Darden ក្នុងតំបន់បឹងកក់ ដើម្បីពង្រឹងលើសេវាកម្មកំសាន្ត ក្នុងប្រទេសកម្ពុជា ឲ្យមានលក្ខណៈស្ដង់ដារអន្តជាតិ និងបានប្ដេជ្ញាចូលរួមចំណែកយ៉ាងសកម្ម ក្នុងសកម្មភាពមនុស្សធម៌ ជួយដល់សង្គម និងលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារដល់ប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ ដែលត្រូវបានគេមើលឃើញថា អាចស្រូបបានកម្លាំងពលកម្ម រាប់រយនាក់ឯណោះ។ លើសពីនេះ ក្នុងការរួមចំណែកជួយដល់ការងារសង្គម និងមនុស្សធម៌ជាច្រើន ពីបុគ្គលិក និងអ្នកគ្រប់គ្រងទាំងអស់ ជាមួយនឹងការសំអាតទីក្រុងស្អាត មានការបរិច្ចាគជាប្រចាំ ដល់មន្ទីរពេទ្យកុមារ និងមណ្ឌលកុមារកំព្រា ជាដើម។
លោក ម៉ត ច័ន្ទរស្មី អ្នកគ្រប់គ្រងទូទៅប្រចាំក្លឹប «EPIC» បានថ្លែងនៅក្នុងពិធីសន្និសីទកាសែត ត្រៀមបើកដំណើរការសាខាទី២ នៅរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះថា នៅពេលយើងបង្កើតក្លឹប «EPIC» ចក្ខុវិស័យរបស់យើង គឺដើម្បីលើកកម្ពស់ វិស័យកំសាន្ត នៅក្នុងប្រទេសកម្ពុជា ទៅកាន់តែមានកម្រិតស្តង់ដារ អន្តរជាតិ ដោយការនាំមកនូវផ្នែក ប្រព័ន្ធសំឡេង ដែលមានគុណភាពខ្ពស់បំផុត និងប្រព័ន្ធភ្លើងបំភ្លឺរួម ជាមួយនឹងអគារដែលបានរចនាឡើង ដោយស្ថាបត្យកម្មចុងក្រោយបង្អស់ បង្កើតឲ្យបរិយាកាសក្លឹប មានសភាពល្អដាច់គេ។
លោកបន្តថា ជាមួយគ្នានេះ ក្រុមការងាររបស់យើងបានប្ដេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការចូលរួមចំណែក នៃការរីកចម្រើនរបស់ប្រទេសកម្ពុជា អស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ដែលរួមចំណែក ធ្វើឲ្យមានកំណើន សេដ្ឋកិច្ចតាមរយៈការបង្កើត ផ្ដល់ការងារដល់ប្រជាពលរដ្ឋ និងរួមចំណែកទំនួលខុសត្រូវ សង្គមរបស់យើង។ គោលដៅរបស់យើង គឺនឹងរក្សាគុណតម្លៃ របស់យើង ដែលយើងបានអភិវឌ្ឍ អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ដោយបន្តផ្តោតលើគុណភាពខ្ពស់ នៃការរចនា ប្រព័ន្ធសំឡេង ប្រព័ន្ធភ្លើង ប្រព័ន្ធសុវត្ថិភាព និងបន្តគាំទ្រ សិល្បករដែលមានទេពកោសល្យ និងនាំយកតារាអន្តរជាតិ សម្រាប់បងប្អូនខ្មែររបស់យើង។ លើសពីនេះទៅទៀត យើងយកចិត្តទុកដាក់ខ្ពស់ លើការផ្ដល់សេវាកម្ម និងការបង្កើត បរិយាកាសកំសាន្ត ប្រកបដោយសុវត្ថិភាពបំផុត សម្រាប់អតិថិជនខ្មែរទាំងអស់។
លោក ម៉ត ច័ន្ទរស្មី បានសង្កត់ធ្ងន់ថា ក្លឹប «EPIC» ប្ដេជ្ញាយ៉ាងខ្លាំងក្នុងការគាំទ្រដល់ DJ និងអ្នកចម្រៀងក្នុងស្រុក ដែលមានទេពកោសល្យ។ ក្នុងកម្មវិធីពិសេសៗ យើងបានអញ្ជើញសិល្បករ ក្នុងស្រុកដូចជា លោក ព្រាប សុវត្ថិ, កញ្ញា ឱក សុគន្ធកញ្ញា, មាស សុខសោភា, ក្មេងខ្មែរ, ប្រុសឡា, Klap Your Handz និងតារាល្បីៗជាច្រើនទៀត។ យើងបាននាំយក DJ អន្តរជាតិពីគ្រប់ទិសទី នៅទូទាំងពិភពលោក រួមមានប្រទេស ម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, ចក្រភពអង់គ្លេស, រុស្ស៊ី និងអ៊ីតាលី ក្នុងនោះយើងបាននាំយកសិល្បករ តារាអន្តរជាតិ ដូចជា Kat Deluna, Kid Ink, Silento, និងJames Jirayu ជាដើម។
សូមបញ្ជាក់ថា EPIC ២ ជាមួយនឹងបទពិសោធន៍របស់ក្លឹប EPIC អស់រយៈពេល៣ឆ្នាំ ការគាំទ្ររបស់អតិថិជនជាវិជ្ជមាន បានសម្រេចចិត្ត បើកសាខាទីពីរនៅ Eden Darden ក្នុងតំបន់រីកលូតលាស់ យ៉ាងឆាប់រហ័សនៃ Phnom Penh City Centre។ នេះគឺដើម្បីផ្ដល់ភាពងាយស្រួល ឲ្យបងប្អូនដែលរស់នៅតំបន់នេះ ដូច្នេះបងប្អូនមិនចាំបាច់បើកបរឆ្ងាយ ដើម្បីចូលរួមកំសាន្តជាមួយក្លឹប EPIC ទៀតទេ។ ការរួមចំណែក របស់យើងចំពោះប្រទេសកម្ពុជា នឹងជួយលើកកម្ពស់មុខមាត់ ប្រទេសជាតិក្នុងកម្រិតស្តង់ដាថ្មី និងទទួលបាននូវភាពរុងរឿង ទៅថ្ងៃអនាគត៕