(ព្រះសីហនុ)៖ ប្រជាពលរដ្ឋឈ្នះក្ដីស្ថាពរនៅតុលាការកំពូល សុំបដិសេធអ្នកតំណាងរបស់ខ្លួនឈ្មោះ ឆាយ ណារិន ក្នុងការធ្វើជាអ្នកតំណាងលើការអនុវត្តសាលដីកាលេខ ៣៤៨ (ឈ) ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល នេះបើយោងតាមលិខិតរបស់មេធាវី ថាន ថាវរៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
នៅលិខិតរបស់មេធាវីបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ លោក ឆាយ ណារិន បានបន្តក្លែងបន្លំឋានៈរបស់ខ្លួនក្នុងនីតិវិធីតុលាការ ទៅធ្វើជាអ្នកតំណាងឱ្យ ប្រជាពលរដ្ឋ០៩គ្រួសារ ដែលត្រូវបានតុលាការកំពូលសម្រេចសេចក្ដីប្រគល់ដីដែលមានទីតាំងស្ថិតនៅក្នុង ភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានចេតនាកេងបន្លំយកផលប្រយោជន៍ដោយខុសច្បាប់ លើចំណែកដីនីមួយៗរបស់ប្រជាពលរដ្ឋពោលគឺ ចង់ឱ្យអាជ្ញាធរពាក់ព័ន្ធប្រគល់របស់ប្រជាពលរដ្ឋឱ្យមកខ្លួនសិន ហើយខ្លួននិងធ្វើការបែងចែកចំណែកឱ្យទៅប្រជាពលរដ្ឋវិញ ដោយមិនឱ្យគ្រប់ចំនួនទំហំដីជាក់ស្ដែងរបស់គ្រួសារនីមួយៗឡើយ។
សូមបញ្ជាក់ថា កន្លងមកឈ្មោះ ឆាយ ណារិន ធ្លាប់ត្រូវបានប្រជាពលរដ្ឋឱ្យធ្វើជាអ្នកតំណាង ក្នុងនីតិវិធីតុលាការ ចាប់តាំងពីឆ្នាំ២០១១ មក ដោយក្នុងនោះឈ្មោះ ឆាយ ណារិន ក៏ជាភាគីរងគ្រោះដូចប្រជាពលរដ្ឋដែលក្នុងសំណុំរឿងក្ដីតែមួយដូច្នេះហើយប្រជាពលរដ្ឋដ៏បានឱ្យគាត់ធ្វើជាអ្នកតំណាងព្រោះគាត់រៀនសូត្រជ្រៅជ្រះជាប្រជាពលរដ្ឋ ហើយមានមុខងារជាពេទ្យយោធានៅខេត្តព្រះសីហនុនេះស្រាប់។
តែក្រោយមកនៅដើមឆ្នាំ ២០១៧ ប្រជាពលរដ្ឋបានទទួលដំណឹងថាឈ្មោះ ឆាយ ណារិន បានឃុបឃិតលួចយកដីប្រជាពលរដ្ឋលក់ទៅឱ្យឈ្មួញហើយបានក្លែងឯកសារ កែទំហំដីរបស់ប្រជាពលរដ្ឋទើបប្រពលរដ្ឋបានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌ ចូលមកសាលាដំបូងខេត្តព្រះសីហនុ ហើយក៏បានធ្វើលិខិតបដិសេធភាពជាអ្នកតំណាងរបស់ឈ្មោះ ឆាយ ណារិន នៅតុលាការកំពូលដើម្បីបញ្ចប់សិទ្ធិក្នុងសំណុំរឿងក្ដីរបស់តុលាការកំពូល ក្រោយមកតុលាការកំពូលបានសម្រេចក្ដីជាស្ថាពរប្រគល់ដីមកឱ្យប្រជាពលរដ្ឋ។ តែត្រូវបានឈ្មោះ ឆាយ ណារិន នៅតែទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធទទួលស្គាល់ជាអ្នកតំណាងលើការអនុវត្តសាលដីកា ប្រគល់ -ទទួលដីនេះ។តាមការលើឡើងរបស់ប្រជាពលរដ្ឋបានឱ្យដឹងថា មូលហេតុដែលឈ្មោះ ឆាយ ណារិន ធ្វើដូច្នេះគឺដោយសារតែគាត់ចង់គាបសង្កត់ឱ្យប្រជាពលរដ្ឋកាត់ចំណែកដីក្នុងមួយគ្រួសារៗ ពាក់កណ្ដាលឱ្យទៅខ្លួនព្រោះខ្លួនជា អ្នកចេញមុខដោះស្រាយរឿងក្ដីនេះយូរហើយប៉ុន្តែការពិតឈ្មោះ ឆាយ ណារិន មិនដែលបានផ្ដល់ព័ត៌មានឱ្យប្រជាពលរដ្ឋ ឫជំរុញពន្លឿននីតិវិធីឡើយ គ្រាន់តែរឿងក្ដីពីសាលាដំបូងទៅសាលាឧទ្ធរណ៍ គឺប្រើពេលជាង ០៥ឆ្នាំ ទើបធ្វើឱ្យប្រជាពលរដ្ឋធុញទ្រាន់ក៏ពឹងពាក់រកអ្នកច្បាប់ដោយខ្លួនឯងនៅតុលាការកំពូល។
សំណូមពរដល់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចគត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍ដល់មន្ត្រីអនុវត្តច្បាប់អនុវត្តសាលដីកាប្រគល់ដីដល់យើងខ្ញុំជាប្រជាពលរដ្ឋ ០៩គ្រួសារទៅតាមផ្លូវច្បាប់។
ពាក់ព័ន្ធនឹងករណីនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺពីភាគីលោក ឆាយ ណារិន បាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។