(ភ្នំពេញ)៖ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងស្វាមី ព្រមទាំងក្រុមគ្រួសារបងប្អូន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានចូលរួមផ្តល់អំណោយផ្ទាល់ខ្លួន រូមមានថវិកា និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងភេសជ្ជៈជាច្រើនទៀត ជូនចាស់ៗជាង១០០គ្រួសារ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សកម្មភាពចែករំលែក របស់ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងស្វាមី ព្រមទាំងក្រុមគ្រួសារបងប្អូន នាពេលនេះ គឺធ្វើឡើងក្នុងថ្ងៃគម្រប់ខួបមរណភាព អ្នកមានគុណទាំង២របស់លោកស្រី ដែលបានចែកឋាន តាំងពីសម័យខ្មែរក្រហមមកម្ល៉េះ។

លោកស្រី ទ្រី ដាណា បានបញ្ជាក់ថា អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ ការរៀបចំពិធីចែកទាននាពេលនេះ គឺកើតចេញពីទឹកចិត្តសុទ្ធសាធ ដោយសារតែលោកស្រី ធ្លាប់ឆ្លងកាត់ជីវភាពក្រលំបាក​តាំងពីក្មេង ហើយការធ្វើបុណ្យនាពេលនេះ ក៏ដើម្បីឧទ្ធិសកុសលជូនដល់ អ្នកមានគុណទាំងពីរផងដែរ។ លោកស្រី ទ្រី ដាណា បានបន្ថែមថា ទោះបីការផ្តល់ជូនអំណោយនាពេលនេះ មិនច្រើនណាស់ណាក៏ដោយ ប៉ុន្តែក៏អាចចាត់ទុកថា ជាការចែករំលែក និងជួយគ្នាទៅវិញទៅមក ក្នុងនាមជាខ្មែរ ដូចគ្នា។

អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌីរូបនេះ បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំសប្បាយចិត្តណាស់ ដែលបានធ្វើបុណ្យ នៅថ្ងៃនេះ ជាការធ្វើបុណ្យជាមួយ មនុស្សចាស់ៗជាង១០០គ្រួសារនាពេលនេះ។ ខ្ញុំក៏សង្ឃឹមថា អ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងខ្ញុំ សូមចូលរួមធ្វើអំពើល្អឲ្យបានគ្រប់ៗគ្នា ទោះបីមិនបានច្រើន តែក៏បានក្នុងកម្រិត សមល្មមណាមួយ ក្នុងការចែករំលែកគ្នាទៅវិញទៅមក»

នៅក្នុងឱកាសនោះដែរ លោក ទេព ពៅ ចៅសង្កាត់រងទី១ នៃសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ បានអរគុណលោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងស្វាមី ព្រមទាំងក្រុមគ្រួសារបងប្អូន ដែលបានរៀបចំកម្មវិធីនេះឡើង នៅក្នុងមូលដ្ឋានសង្កាត់ព្រែកព្នៅនាពេលនេះ។ លោក ទេព ពៅថា នេះគឺជាអំពើដ៏ល្អមួយ ដែលបានចូលរួមចែករំលែក និងជួយគ្នាទៅវិញទៅមក។

ក្រោយទទួលបាននូវអំណោយពី លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងស្វាមី រួមនឹងក្រុមគ្រួសារបងប្អូនរបស់អ្នកស្រីរួចមក ប្រជាពលរដ្ឋ ជាពិសេសលោកយាយចាស់ជរា បានសម្តែងអារម្មណ៍សប្បាយចិត្ត ដែលបានទទួលអំណោយទាំងនេះ ហើយក៏បានថ្លែងអំណរគុណ ដល់លោកស្រី ឲ្យមានសុខភាពល្អ និងជោគជ័យបន្ថែមទៀតលើអាជីវកម្មនាពេលបច្ចុប្បន្ននេះផងដែរ។

គួរបញ្ជាក់ថា លោកស្រី ទ្រី ដាណា និង លោក ហ៊ីង បញ្ញារិទ្ធជាស្វាមី បានបើកក្រុមហ៊ុនលក់គ្រឿងសំអាងដែលមានម៉ាកឈ្មោះថា N.N.P ផ្តាច់មុននៅកម្ពុជាហើយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការក្រុមហ៊ុនផ្ទាល់ ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវចូលផ្សារថ្មីព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកស្រី និង លោក ហ៊ីង បញ្ញារិទ្ធជាស្វាមី បានបើកក្រុមហ៊ុនមួយនេះ ដោយ ផ្តើមចេញពីអាជីវករលក់ដូចតូចតាចគ្មានដើមទុនច្រើន និងគ្មានតូបតូចមួយសម្រាប់លក់ផលិតផល អ្នកស្រី ទ្រី ដាណា បានពុះពារគ្រប់ឧបសគ្គទោះបីជាពេលនោះ ការលក់ផលិតផលតូចតាចរបស់អ្នកស្រី សឹងតែមិនដាច់ទាល់តែសោះ តែអ្នកស្រី មានឆន្ទៈមួយថា អ្នកស្រីនឹងក្លាយជាអ្នកមានឲ្យបាន ដូចនេះ អ្នកស្រី មិនរាថយឡើយនៅក្នុងការធ្វើអាជីវកម្ម។

ចាប់ពីពេលនោះ អ្នកស្រីបានប្រឹងប្រែងក្នុងាករលក់ផង និងចុះរកទីផ្សារលក់ដោយខ្លួនឯង រហូតដល់ការលក់របស់អ្នកស្រី មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយមើលឃើញពីភាពរីកចម្រើននេះ លោកស្រី ដាណា ក៏បានអភិវឌ្ឍខ្លួនពីអ្នកលក់តូចតាច មកបើកជាដេប៉ូលក់វិញម្តង។ ក្នុងការធ្វើអាជីវកម្មនេះ លោកស្រី ដាណា គឺផ្តោតសំខាន់ខ្លាំង លើការប្រមូលយកទីផ្សារ និងផ្សព្វផ្សាយពីគុណភាព និងតម្លៃផលិតផលរបស់អ្នកស្រី រហូតមានការទទួលស្គាល់ និងគាំទ្រខ្រើនពីអតិថិជន៕