(ភ្នំពេញ)៖ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងឈានចូលមកដល់ហើយ ពោលគឺចាប់ផ្ដើមពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ហើយដល់ពេលនោះ សម្ដេចតេជោ ហ៊ុន សែន នឹងប្រកាសបង្ហាញពីគោលនយោបាយមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងកម្មករនិយោជិត។

ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ៣ម៉ឺននាក់ នៅខេត្តកណ្តាល នាព្រឹកថ្ងៃព្រសហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។

សម្ដេចបានបញ្ជាក់ថា ក្នុងថ្ងៃដំបូងនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោត (ថ្ងៃទី០៧ ខែកក្កដា) សម្ដេចនឹងប្រកាសដង្ហែរក្បូនឃោសនាបក្សដ៏ធំនៅរាជធានីភ្នំពេញ។ ក្នុងនោះសម្ដេចបានផ្ដាំទៅប្រជាពលរដ្ឋ និងកម្មករនិយោជិតទាំងអស់ ឱ្យរង់ចាំតាមដានស្ដាប់ការប្រកាសនូវគោលនយោបាយមួយចំនួន របស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិបន្ត។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «ថ្ងៃ៧នេះក្មួយរង់ចាំស្ដាប់ តើអត្ថប្រយោជន៍សម្រាប់កម្មករ និងប្រជាពលរដ្ឋរបស់យើងនឹងទទួលអ្វីបន្ថែម ពូមិនប្រាប់មុនទេ ពូនឹងប្រកាសចេញនូវ គោលនយោបាយ សម្រាប់ជាយុទ្ធនាការបោះឆ្នោត តើនឹងត្រូវទទួលបានអត្ថប្រយោជន៍អ្វីថែមទៀតសម្រាប់ប្រជាពលរដ្ឋរបស់យើង នេះជាចំណុចដែលយើងបាននិងកំពុងធានា ហើយយើងមិនឈរត្រឹងមួយកន្លែងតាមបែបអភិរក្សនិយមនោះទេ»

សម្ដេចនាយករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានកសាងប្រទេសតាំងពីប្រជាជន ៥លាននាក់ រហូតដល់ជាង ១លាននាក់ តាំងពីប្រជាជន៥លាននាក់ តែងគ្មានស្បៀងបរិភោគគ្រប់គ្រាន់ រហូតដល់ជាង១៥លាននាក់ តែមានស្បៀងមានអង្ករនាំចេញថែមទៀត ដូច្នេះមិនប្រាកដថា អ្នកថ្មីមានលទ្ធភាពលើសអ្នកចាស់នោះទេ។

ក្នុងឱកាសនោះ សម្ដេចតេជោក៏បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋ និងកម្មករនិយោជិតកម្ពុជាទាំងអស់ចូលរួមថែរក្សាសន្តិភាព រក្សាការងារដែលកំពុងមាន និងផ្ដល់ប្រាក់ចំណូលដូចពេលបច្ចុប្បន្ន តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕