(ព្រះវិហារ)៖ ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ នៅទូទាំងក្រុងព្រះវិហារ លោកមាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ បានបញ្ជាក់ថា ក្រោមរបបដឹកនាំដោយខ្មែរក្រហម វិស័យអប់រំត្រូវបានលុបបំបាត់ចោល ធ្លាក់ដល់កម្រិតសូន្យ ចំណែកលោកគ្រូ អ្នកគ្រូ ដែលបង្រៀនសិស្ស ត្រឹមតែឲ្យចេះរើសជីអាចម៍គោ និងធ្វើពលកម្មតែប៉ុណ្ណោះ។
ការថ្លែងបែបនេះរបស់លោក មាស សុភា ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅក្រុងព្រះវិហារ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ ចំនួន ៥១៨នាក់ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។
លោក មាស សុភា បានបន្តទៀតថា វិស័យអប់រំនៅក្នុងរបបខ្មែរក្រហម គឺត្រូវលុបបំបាត់ចោល សាលារៀនជាច្រើនត្រូវបានយកទៅធ្វើឃ្លាំងដាក់សម្ភារនានា ចំណែកលោកគ្រូ អ្នកគ្រូបង្រៀនសិស្ស គឺត្រឹមឲ្យចេះដើររើសជី បង្រៀនធ្វើពលកម្មប៉ុណ្ណោះ មិនបានបង្រៀនសិស្សដោយសរសេរអក្សរនោះទេ ហើយលោកគ្រូ អ្នកគ្រូ និងបញ្ញាវ័នជាច្រើន ត្រូវបានថ្នាក់ដឹកនាំរបបនោះយកទៅសម្លាប់ចោលគ្មានសល់។
បើតាមមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ ក្រោយថ្ងៃរំដោះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ វិស័យអប់រំនៅកម្ពុជាត្រូវបានកើតឡើងវិញ ដោយអ្នកចេះច្រើន បង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ។ ដោយឡែកសាលារៀនកាលនោះ ត្រូវរៀនក្រោមផ្ទះ រៀនក្រោមដើមឈើ។ ដោយការយកចិត្តទុកដាក់ពី សំណាក់រដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា វិស័យអប់រំត្រូវបានលើកកម្ពស់ សាលារៀនមានតាំងពីទីប្រជុំជនដល់មូលដ្ឋានដាច់ស្រយ៉ាល ទាំងមហាវិទ្យាល័យ វិទ្យាល័យ និងអនុវិទ្យាល័យ។ ចំណែកប្រាក់បៀវត្សលោកគ្រូ អ្នកគ្រូ ត្រូវបានរាជរដ្ឋាភិបាលធ្វើការដំឡើងជាបន្តបន្ទាប់ រហូតមកដល់ពេលនេះប្រាក់ខែគ្រូបង្រៀន បានឡើងរហូតជាង ១លានរៀលហើយ។
ជាមួយគ្នានេះផងដែរ លោក មាស សុភា បានធ្វើការអំពាវនាវ ដល់លោកគ្រូអ្នកគ្រូ កុំជឿតាមការញុះញ៉ង់របស់ជនអគតិមួយចំនួន ដែលគេតែងដើរបោកប្រាស់ តាមរយៈការដំឡើងប្រាក់បៀវត្ស តាមរយៈការដំឡើងតួនាទីជាដើម ដែលចំណុចនេះ លោកបញ្ជាក់ថាកុំជឿឲ្យសោះ ព្រោះជាការសន្យាខ្យល់។
លោកបន្តថា ផ្ទុយទៅវិញត្រូវបន្តគាំទ្របន្តរាជរដ្ឋាភិបាល គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដោយអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បោះឆ្នោតគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសនៅអាណត្តិទី៦ បន្តទៀត ដើម្បីឲ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនតទៅទៀត៕