(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានប្រកាសថា Account Facebook ផ្លូវការរបស់លោកដែលមានឈ្មោះថា «ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ» ត្រូវបានជនអនាមិកចូលវាយប្រហារ និងយកទៅគ្រប់គ្រង (Hack) ហើយអាចនឹងយកទៅប្រើប្រាស់ បណ្តាលឲ្យមានការភ័ន្តច្រឡំ និងយល់ខុសពីថ្នាក់ដឹកនាំព្រមទាំងមហាជនទូទៅ។

ជាមួយគ្នានោះលោក ជា ពិសី នឹងដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមច្បាប់ ចំពោះជនខិលខូចរូបណា ដែលបានលួច (Hack) យកគណនី Acount Facebook របស់លោកដែលមានឈ្មោះថា «ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ» ដើម្បីឲ្យសមត្ថកិច្ចជំនាញចាត់ការតាមនិតិវិធី។

តាមរយៈអង្គភាពព័ត៌មាន Fresh News លោក ជា ពិសី បានបញ្ជាក់យ៉ាងដូច្នេះថា «Account Facebook «ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ» «ខ្ញុំមានប្រើ ប៉ុន្តែត្រូវបានជនអនាមិក Hack (លួច) យកទៅប្រើប្រាស់។ ចាប់ពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៃថ្ងៃជូនដំណឹងនេះតទៅ រាល់ការ Post រូប ឬផ្សព្វផ្សាយព័ត៌មានផ្សេងៗតាមរយៈ Acount Facebook ខាងលើ ខ្ញុំពុំទទួលស្គាល់ និងពុំទទួលខុសត្រូវឡើយ។ អាស្រ័យហេតុនេះ សូមអស់លោក លោកស្រី មេត្តាជ្រាប សូមអរគុណ»

សូមបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមិនតិចនោះទេ ត្រូវបានជនអនាមិកចូលវាយប្រហារ (Hack) យកទៅប្រើប្រាស់ខុសច្បាប់ តែភ្លាមៗនោះជនរងគ្រោះជាម្ចាស់ Account និង Page បានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចជំនាញផងដែរ៕