(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន (JFAC) បានរៀបចំកម្មវិធីបើកពិធីបុណ្យតាណាបាតា ឆ្នាំ២០១៨ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅ CJCC។

ពិធីនេះស្ថិតនៅក្រោមវត្តមាន ព្រះរាមនរោត្តម បុប្ផាទេវី, លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា, លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌។ កម្មវិធីវប្បធម៌នេះ ធ្វើឡើងដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍៦៥ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា-ជប៉ុន។

លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ បានប្រគល់លិខិតសរសើររបស់រដ្ឋមន្ត្រីការបរទេសជប៉ុន ជូនចំពោះ CJCC ដែលក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានជំរុញការផ្លាស់ប្តូរវប្បធម៌ នៃប្រទេសទាំងពីរ។

នៅក្នុងកម្មវិធីបើកសម្តែងដ៏គួរឲ្យចាប់អារម្មណ៍រវាងប្រទេសទាំងពីរ។ សិល្បៈការិនីជប៉ុនផ្នែកប្រពៃណីខ្មែរ កញ្ញា Yamanaka Hitomi បានសម្តែងក្បាច់រាំខ្មែរ ដែលជាការបង្កើតថ្មីចេញពីអក្សរសាស្ត្រ ឬកំណាព្យជប៉ុន ដោយសាស្ត្រាចារ្យរបស់កញ្ញា រួមនឹងខ្លួនកញ្ញាផ្ទាល់។

បន្ទាប់មកទៀត មានការសម្តែងតន្ត្រីប្រពៃណីជប៉ុន និងកម្ពុជារួមគ្នា។ តន្ត្រីករប្រពៃណីជប៉ុន Pro Musica Nipponia និងតន្ត្រីករកម្ពុជា មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រគំតន្ត្រីប្រពៃណី រៀងៗគ្នា ដោយប្រើប្រាស់ឧបករណ៍ប្រពៃណី និងបានប្រគំតន្រ្តីរួមគ្នា តាមរយៈបទចម្រៀង «អារ៉ាប់ពីយ៉ា»។ ចុងក្រោយ នៃកម្មវិធីក៏មានការប្រគំតន្ត្រី តាមរយៈបទចម្រៀងជប៉ុន «តាណាបាណា-សាម៉ា» ដែលអមដោយការច្រៀងពីនិស្សិតកម្ពុជា នៃដេប៉ាតឺម៉ង់ភាសាជប៉ុន នៃវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យល័យភូមិន្ទភ្នំពេញ។

ពិធីបុណ្យនេះ នឹងប្រារព្ធឡើងរហូតដល់ថ្ងៃទី៦​ ខែកក្កដា នៅ CJCC ដែលក្នុងនោះរួមមាន កម្មវិធីវប្បធម៌ជាច្រើនដូចជា សិក្ខាសាលាស្តីពីឧបករណ៍តន្ត្រីបុរាណជប៉ុន ការបញ្ចាំងខ្សែភាយន្តគំនូរជីវចលជប៉ុន ដ៏ល្បីល្បាញរឿង «One Piece» ការប្រឡងចម្រៀងភាសាជប៉ុន Nodojiman ឆ្នាំ២០១៨ ថ្នាក់រៀនចម្អិនម្ហូបជប៉ុន សិល្បៈបទក្រដាស «អូរីហ្គាមី» សិល្បៈកាត់ក្រដាស «គីរីហ្គាមី» ការសរសេរអក្សរផ្ចង់ «ស្យូដូ» ការសាកល្បងស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន និងកម្ពុជា ព្រមទាំងការតាំងពិព័រណ៌ផ្សេងៗ នៅក្នុងពិធីបុណ្យនេះ។

ពិធីបុណ្យតាណាបាតា «ពិធីបុណ្យផ្កាយ» ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៤ ដោយCJCC។ ដោយឡែកសម្រាប់ឆ្នាំនេះ មានការសហការរៀបចំដោយ CJCC ស្ថានទូតជប៉ុន និងJFAC ក្នុងគោលបំណងបន្តជំរុញការផ្លាស់ប្តូរវប្បធម៌​រវាងប្រទេសទាំងពីរបន្ថែមទៀត៕