(ភ្នំពេញ)៖ ខណៈវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍នៅកម្ពុជា កំពុងមានភាពរីកចម្រើនគួរកត់សម្គាល់ ពីមួយថ្ងៃទៅមួយថ្ងៃនោះ ក្រុមហ៊ុន EZECOM បានផ្តួចផ្តើមសហការ ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដើម្បីឧបត្ថម្ភការផ្គត់ផ្គង់អ៊ីនធឺណិតល្បឿនលឿន សម្រាប់ផ្នែកនៃអាគារ «អាគារទេព្យកោសល្យវិស្វកម្ម សម្តេច ហ៊ុន សែន« រួមមាន បរិវេណបណ្ណាល័យ និងទីតាំងអនុវត្តគម្រោង Techno Incubation Space សំដៅលើកកម្ពស់លទ្ធភាព ប្រើប្រាស់អ៊ីនធឺណិតរបស់និស្សិត និងកិច្ចការអភិវឌ្ឍសមត្ថភាពយុវជនពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា។
អ្នកទទួលផលសំខាន់មួយ ពីការផ្គត់ផ្គង់សេវាអ៊ីនធឺណិតឥតគិតថ្លៃរបស់ EZECOM គឺក្រុមការងារគម្រោង Techno Incubation Space ដែលជាគម្រោងដ៏ថ្មីស្រឡាងមួយ របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផ្តោតលើ ការអភិវឌ្ឍគំនិតច្នៃប្រឌិត ក្នុងចំណោមក្រុមនិស្សិត ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា តាមរយៈការផ្តល់នូវទីតាំង កន្លែងធ្វើការរួមគ្នា ការប្រឹក្សាយោបល់ និងការបណ្តុះសមត្ថភាព សំដៅជំរុញឲ្យពួកគេសម្រេច គម្រោងរបស់ខ្លួនបានដោយជោគជ័យ នាពេលអនាគត។
ក្រោមការ ឧបត្ថម្ភរបស់ក្រុមហ៊ុន EZECOM ក្រុមការងារ និងអ្នកទទួលផលពីគម្រោង Techno Incubation Space ក៏ដូចជាលោក-លោកស្រី សាស្ត្រាចារ្យ និងនិស្សិតទាំងអស់គ្នា ដែលមកប្រើប្រាស់បណ្ណាល័យ អាចចូលប្រើប្រាស់ដោយឥតគិតថ្លៃ នូវសេវាអ៊ីនធឺណិតល្បឿនលឿន (កម្រិតគុណភាពខ្ពស់បំផុត) ទំហំ 120 Mbps រយៈពេល១ឆ្នាំពេញ ដែលមានតម្លៃស្មើនឹងទឹកប្រាក់ សរុបប្រមាណជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
បច្ចុប្បន្ន គម្រោង Techno Incubation Space បាននិងកំពុងរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ពីគំរោងអាជីវកម្ម និងសហគ្រិនភាព រយៈពេល១០សប្តាហ៍ ដល់ក្រុមនិស្សិតគោលដៅរាប់សិបនាក់ ដែលបង្ហាត់បង្ហាញផ្ទាល់ ដោយអ្នកជំនាញមានបទពិសោធន៍ជោគជ័យ ក្រោមកិច្ចជ្រោមជ្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនដៃគូ។
លោក Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុន EZECOM បានថ្លែងថា «ក្រុមហ៊ុន EZECOM តែងបានចូលរួមចំណែក យ៉ាងសស្រាក់សស្រាំ ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាដៃគូដ៏ល្អមួយរបស់យើង តាំងតែពីដើមមក ហើយខ្ញុំជឿជាក់ថា ការឧបត្ថម្ភសេវាអ៊ីនធឺណិតល្បឿនលឿននេះ នឹងផ្តល់សារ ប្រយោជន៍ជាច្រើនដល់សិស្ស-និស្សិត និងអ្នកពាក់ព័ន្ធដ៏ទៃទៀតជាច្រើន ក៏ដូចជាចូលរួមចំណែកយ៉ាងមានសារសំខាន់មួយ ក្នុងការអភិវឌ្ឍយុវជន និងវិស័យបច្ចេកវិទ្យានៅកម្ពុជា»។
ចំណែកលោកបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានថ្លែងថា «សាលាតិចណូ តែងលើកទឹកចិត្ត ដល់និស្សិតឲ្យខិតខំប្រឹងប្រែងរៀនសូត្រ និងសិក្សាស្រាវជ្រាវ ហើយប្រើប្រាស់ចំណេះជំនាញ របស់ខ្លួនក្នុងការបង្កើតអ្វីដែលថ្មី និងក្លាយខ្លួនជាសហគ្រិន។ ហើយការខិតខំបង្កើតគម្រោង Techno Incubation Space នេះឡើង គឺដើម្បីជំរុញការច្នៃប្រឌិត និងសហគ្រិនភាពដល់និស្សិត ជាពិសេសការបង្កើត អាជីវកម្មដែលប្រើប្រាស់ STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា) ដែលការអភិវឌ្ឍសហគ្រិនភាពបែបវិទ្យាសាស្ត្រនេះ»។
នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបន្ថែមទៀតថា មិនត្រឹមតែបានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់យុវនិស្សិតប៉ុណ្ណោះទេ តែថែមទាំងជាផ្នែកដែលអាចជំរុញខ្លាំង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដើម្បីឲ្យគម្រោងនេះជោគជ័យ យើងត្រូវការជាចាំបាច់ នូវការសហការ និងការចូលរួមគាំទ្រពីក្រុមហ៊ុន EZECOM ក៏ដូចជាសា្ថប័នរដ្ឋ និងឯកជននានា នៅក្នុងនិងក្រៅប្រទេស»។
លោកបណ្ឌិតបន្ដថា ជាមួយនឹងការបន្តយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលក្រសួង និងគ្រឹះស្ថានពាក់ព័ន្ធ បូកផ្សំនឹងការជួយឧបត្ថម្ភជ្រោមជ្រែង ពីសំណាក់ដៃគូសហការ និងក្រុមហ៊ុនឯកជននានា គេមានសុទិដ្ឋិនិយមថា កិច្ចការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា នឹងបន្តរីកចម្រើនឡើងជាលំដាប់ ក្នុងពេលអនាគតខាងមុខ៕