(ភ្នំពេញ)៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ អតីតសិស្សនាយទាហានវគ្គការពារជាតិជំនាន់ទី៧ ចំនួន២៧រូប បានធ្វើពិធីជួបជុំរំលឹកដល់មិត្តរួមជំនាន់ទាំងអស់ ដើម្បីបង្កើនសាមគ្គីភាព សហការគ្នាឲ្យកាន់តែល្អ។
ពិធីនេះមានការចូលរួមជាអធិបតីពីនាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ នាយកមហាវិទ្យាល័យការពារជាតិ និងយោធាចារ្យជាច្រើនរូបផងដែរ។
លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន អតីតប្រធានវគ្គការពារជាតិជំនាន់ទី៧ បានឲ្យដឹងថា ថ្ងៃទី៧ ខែកក្កដា ជាថ្ងៃរំលឹកឡើងវិញ ពីការខិតខំប្រឹងប្រែង និងប្រពៃណីនៃការជួបជុំប្រចាំឆ្នាំរបស់និស្សិត នាយទាហានវគ្គការពារជាតិជំនាន់ ទី៧ ដែលមានចំនួន២៧នាក់ យើងបានប្រមូលទាំងអស់ ពីទីជិតទីឆ្ងាយគ្រប់អង្គភាពមកជួបជុំសំណេះសំណាល និងហូបបាយសាមគ្គី ដើម្បីរំលឹកឡើងវិញនូវ អនុស្សាវរីយ៍។ មកទល់នឹងពេលនេះ និស្សិតនាយទាហានវគ្គការពារជាតិ មានមុខងារបំរើការងារនៅតាមបណ្តាស្ថាប័នក្រសួងការពាជាតិ អគ្គបញ្ជាការ និងបណ្តាប្រភេទទ័ពជំនាញ។
ឆ្លៀតឱកាសនោះ ឧត្តមសេនីយ៍ឯក ហួត ឈាងអន តំណាងឲ្យអតីតនិស្សិតនាយទាហានវគ្គការពារជាតិជំនាន់ទី៧ ទាំងអស់សូមសម្តែងនូវកត្តញ្ញូតាធម៌ចំពោះរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ដែលជានិច្ចកាលតែងតែ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះនាយទាហានគ្រប់ៗរូប។
នាយឧត្តមសេនីយ៍ ជា តារា បានសម្តែងនូវក្តីសប្បាយរីករាយដោយឃើញនិស្សិតនាយទាហានពីមួយវគ្គ ទៅមួយវគ្គមានសាមគ្គីឯកភាពគ្នាខ្ពស់ក្រោមដំបូលឆត្រ័តែមួយ និងត្រូវដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងទៅបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ទាំងអស់គ្នាជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តថែរក្សាសុខ សន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល៕