(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះវិស័យមីក្រូហិរញ្ញវត្ថុ មានអ្នកដាក់ប្រាក់បញ្ញើចំនួន​១.៩លាននាក់ និងទទួលបានទឹកប្រាក់បញ្ញើ២.៣ពាន់លានដុល្លារ ហើយវិស័យនេះបានផ្ដល់ឥណទានសរុបចំនួន ៤.៨ពាន់លានដុល្លារអាមេរិក ទៅ​កាន់អតិថិជនប្រមាណ១.៨លាននាក់។

ការលើកឡើងបែបនេះ របស់លោកអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ ជាអធិបតីភាពក្នុងពិធីចែកសញ្ញាបត្រ ថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់ បច្ចេកទេសធនាគារ ជំនាន់ទី២៤-២៥ ចំនួន១៦៥នាក់ ក្នុងសាលមហោស្របកោះពេជ្រ នាព្រឹកថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ២០១៨។

លោកអគ្គទេសាភិបាល ជា ចាន់តូ បានឲ្យដឹងថា បច្ចុប្បន្ននេះ វិស័យមីក្រូហិរញ្ញវត្ថុ មានទ្រព្យសកម្មចំនួន៥.៥ពាន់លានដុល្លារ និងបានផ្ដល់ឥណទាន​សរុបប្រមាណ៤.៨ពាន់លានដុល្លារ ទៅកាន់អតិថិជនសរុបប្រមាណ១.៨លាននាក់ និងបានប្រមូលប្រាក់បញ្ញើសរុបចំនួន២.៣ពាន់លានដុល្លារ ក្នុងនោះមានអ្នកដាក់ប្រាក់បញ្ញើសរុបចំនួន១.៩លាននាក់។

លោកបានបញ្ជាក់ទៀតថា ការផ្ដល់ឥណទាននេះ បានលើកម្ពស់ជីវភាពរស់នៅ របស់ពលរដ្ឋតាមរយៈការឆ្លើយតប ទៅនឹងតម្រូវការសេវាហិរញ្ញវត្ថុរបស់​អតិថិជន ក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃ ហើយបច្ចុប្បន្ននេះ មានពលរដ្ឋពេញវ័យកំពុងប្រើប្រាស់សេវា ហិរញ្ញវត្ថុផ្លូវការបានកើនឡើង​យ៉ាង​ឆាប់រហ័ស រហូតដល់៧៥ភាគរយ នៃប្រជាជនពេញវ័យសរុប ដែលកើនឡើងចំនួន៧ដងបើធៀបនឹងឆ្នាំ២០០៥។

សូមបញ្ជាក់ថា វិស័យធនាគារបានចូលរួមយ៉ាងសកម្ម តាមរយៈការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយវិសាលភាព និងបរិយាប័ន្ន ដែលបានលើក​ស្ទួយ​ជីវភាពរស់នៅ របស់​ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោក ជា ចាន់តូ ក៏បានវាយតម្លៃខ្ពស់ ​ចំពោះជ័យលាភីរបស់សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យ លើមុខជំនាញធនាគារ ក្នុងមណ្ឌលសិក្សាបច្ចេកទេសធនាគារ។ ការទទួលបានសញ្ញាបត្រ ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ នាពេលនេះ គឺជាជោគជ័យ និងមោទនភាពរួម ទាំងចំពោះក្មួយៗ មាតាបិតាអាណាព្យាបាល សាស្រ្ដាចារ្យ និងប្រទេសជាតិផងដែរ៕