(ឧត្ដរមានជ័យ)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាតំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្ដអញ្ជើញប្រកាសផ្ទេរភារកិច្ច បំពាក់ឋានន្ដរស័ក្ដិ និងបំពាក់គ្រឿងឥស្សរិយយស ដល់មន្ដ្រីនគរបាលជាតិ ចំនួន១១៨នាក់ ចំណុះអធិការដ្ឋាននគរបាលក្រុងសំរោង និងស្រុកចុងកាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ។
ពិធីបំពាក់ឋានន្ដរស័ក្ដិនោះរួមមាន ថ្នាក់អនុសេនីយ៍ឯក១៤នាក់, ថ្នាក់អនុសេនីយ៍ទោ១៦នាក់, ថ្នាក់អនុសេនីយ៍ត្រី១៤នាក់, ព្រិន្ទបាលឯក៣៦នាក់, ព្រិន្ទបាលទោ១០នាក់, ផ្ទេរភារកិច្ច៤នាក់, មេដាយការងារមាស៧នាក់, មេដាយការងារប្រាក់៧នាក់ និងមេដាយការងារសំរិទ្ធ១០នាក់។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបញ្ជាក់ថា អំឡុងមុនពេលថ្ងៃការឃោសនា ស្វែងរកសន្លឹកឆ្នោតរបស់គណបក្សនយោបាយ, ថ្ងៃប្រព្រឹត្តទៅនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត រហូតថ្ងៃរៀបចំប្រកាសរាជរដ្ឋាភិបាលថ្មី ស្របច្បាប់ជាផ្លូវការ កងកម្លាំងនគរបាលត្រូវចូលរួមការងារថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សារណៈឲ្យបានល្អប្រសើរ ស្ងប់សាត់ មានតម្លាភាព យុត្តិធម៌ គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ គ្មានអំពើហិង្សា។
នាយឧត្តមសេនីយ៍អគ្គស្នងការរងរូបនេះ ក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ នាពេលកន្លងមក សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សង្គម មានលក្ខណៈស្ងប់ស្អាត់ល្អប្រសើរ មិនមានបាតុភាពអ្វីកើតឡើង ក្នុងភូមិសាស្រ្តទូទាំងខេត្តឧត្ដរមានជ័យ ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលនៃកម្ពុជា។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់កម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ យកចិត្តទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ហើយត្រូវតែក្ដោបក្ដាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនមានសភាពការណ៍ ឬចលនាញុះញង់ណាមួយកើតឡើង ត្រូវតែរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ផងដែរ ដើម្បីមានវិធានការណ៍៕