(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានបង្ហាញពីវីដេអូ នៃការរីកចំរើនលូតលាស់លើវិស័យធនធានទឹក នៅប្រទេសកម្ពុជាដែលមានដូចជា៖ ទន្លេ ស្ទឹង បឹង ល្អាងទឹកធម្មជាតិក្រោមដី និងទឹកសមុទ្រជាដើម ដែលបានបម្រើដល់វិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ថាមពលអគ្គិសនី នាវាចរណ៍ វប្បធម៍ ទេសចរណ៍ និងការទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី។
នៅក្នុងវីដេអូបានបង្ហាញឲ្យដឹងថា នាពេលសព្វថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម បានតម្លើងស្ថានីយ៍រាដាតេជោសែន សម្រាប់គ្រប់គ្រងលើអាកាសធាតុ ឱ្យមានប្រសិទ្ធភាពសម្រាប់ប្រតិបត្តិការ ព្យាករណ៍ក្នុងរង្វង់កាំ៤០០គីឡូម៉ែត្រ ដែលស្ថានីយ៍រាដានេះ អាចមើលការវិវត្តន៍នៃអាកាសធាតុបាន។
ជាងនេះទៅទៀត ក្រសួងធនធានទឹក និងឧតុនិយម បានតម្លើងស្ថានីយ៍ ឧតុនិយមស្វ័យប្រវត្តិ និងស្ថានីយ៍ជលសាស្ត្រស្វ័យប្រវត្តិ នៅតាមទន្លេ ដងទន្លេ និងស្ទឹងសំខាន់ៗ ដើម្បីទទួលបាននូវទិន្នន័យ ធាតុអាកាសជាក់លាក់ ទាក់ទងនឹងកម្រិតកំពស់ទឹក និងទិន្នន័យធាទឹក សម្រាប់ធ្វើការព្យាករណ៍ស្ថានភាពឧតុនិយម និងស្ថានភាពជលសាស្ត្រ ឱ្យបានទៀតទាត់ សុក្រិត និងផ្សព្វផ្សាយឱ្យបានទាន់ ពេលវេលាដល់សាធារណជន នូវគ្រោះធម្មជាតិដូចជា៖ គ្រោះរាំស្ងួត ខ្យល់ព្យុះ រន្ទះ និងទឹកជំនន់ជាដើម។
បច្ចុប្បន្ននេះ ក្រសួងធនធាន ទឹកនិងឧតុនិយម បានតម្លើងស្ថានីយ៍ជលសាស្ត្រស្វ័យប្រវត្តិ ចំនួន៣៨កន្លែង នៅតាមបណ្តាទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ព្រមទាំងបានតម្លើងស្ថានីយ៍ឧតុនិយមស្វ័យប្រវត្ត ចំនួន៣៥កន្លែង នៅតាមបណ្តារាជធានី-ខេត្តទៀតផង។
សម្រាប់ការរីកចម្រើនផ្សេងៗទៀត ក្រោមការដឹកនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម សូមទស្សនាវីដេអូខាងក្រោមនេះ៖