(ភ្នំពេញ)៖ ស្ត្រីខ្មែរចំនួន៣៣នាក់ ដែលពាក់ពន្ធ័រឿងស៊ីឈ្នួលពពោះជំនួស ត្រូវបានលោក កោ វណ្ឌី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺ ដើម្បីបន្តនីតិវិធី នូវរឿងរ៉ាវដ៏កម្រមួយនេះសម្រាប់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ស្ត្រីរងគ្រោះទាំង៣៣នាក់ ត្រូវបានដឹកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ តាមរយៈរថយន្តរបស់អង្គការមេត្រីអន្តរជាតិចំនួន៣គ្រឿង។
សម្រាប់ករណីនេះ មានជនត្រូវចោទប្រុសស្រី៥នាក់ ក្នុងនោះ មានបុរសចិនម្នាក់ត្រូវបានលោក កោ វណ្ឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួននៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ក្រោមការចោទប្រកាន់ពីបទ «ជួញដូរមនុស្សដោយឆ្លងដែន និងបទអន្តរការីជាមួយស្រ្តីពពោះ» យោងតាមមាត្រា១៦ នៃច្បាប់ស្តីពី ការបង្រ្កាបការជួញដូរមនុស្ស និងការពារអនីតិជន និងយោងតាមមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទដែលត្រូវតុលាការសម្រេចឃុំខ្លួនចំនួន០៥នាក់៖
*ទី១៖ ឈ្មោះ LlU QlANG ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន ជាមេការ
*ទី២៖ ឈ្មោះ ស្វាយ ស៊ីណុច ហៅសី ភេទស្រី អាយុ៣៤ឆ្នាំ ជាមេការ
*ទី៣៖ ឈ្មោះ នឿន ស្រីឡាង ភេទស្រី អាយុ២៧ឆ្នាំ ជាមេការ
*ទី៤៖ ឈ្មោះ លឹម សុភាព ហៅស្ដើង ភេទស្រី អាយុ១៩ឆ្នាំ ជាអ្នកបកប្រែ
*ទី៥៖ ឈ្មោះ ថៃ ភាព ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ជាមេការ។
គួររំលឹកថា កម្លាំងសមត្ថកិច្ចចំរុះដឹកនាំលោកវរសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងនគរបាលទទួលផែន ក្រោមការសម្របសម្រួលដោយលោក ព្រះរាជអាជ្ញារង គុជ គឹមឡុង បានចុះបង្ក្រាបទីតាំង ជួលស្ត្រីខ្មែរពពោះជំនួស កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ២អា និង៩អា ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការបង្ក្រាប នោះ សមត្ថកិច្ចបានឃាត់ខ្លួន បានជនត្រូវចោទទាំង៥នាក់ខាងលើ និងមនុស្សពាក់ព័ន្ធក្នុងរង្វង់ប្រតិបត្តិការជិត៤០នាក់ និងដកហូតបានវត្ថុតាងមួយចំនួន៖
*រថយន្តម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-6883 ចំនួន១គ្រឿង
*ម៉ូតូ ម៉ាកហុងដា Today ពណ៌ខ្មៅ ចំនួន១គ្រឿង
*រថយន្តគ្រឿង ម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2C-8863 ចំនួន១គ្រឿង
*ឯកសារ លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនធំ៕