(សៀមរាប)៖ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកវ៉ារិន ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា និងលោកស្រី និងមានការចូលរួមពី ព្រមទាំងលោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គណកម្មាធិការសាខាផងដែរ។
លោក ឃឹម ប៊ុនសុង អភិបាលខេត្ដ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានថ្លែងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិន ដ៏ថ្មីស្រឡាងនេះ គឺជាសមិទ្ធផលទី៩ហើយ ក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលត្រូវបានដំណើរការសាងសង់ចាប់តាំង ពីខែកក្កដា ឆ្នាំ២០១៧ និងរួចរាល់ជាស្ថាពរនៅខែកុម្ភៈ ឆ្នាំ២០១៨។
លោកបានបន្ដថា ដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះបានកំណត់ទស្សនវិស័យ៖ រួមចំណែកពន្លឿន ការកាត់បន្ថយភាពក្រីក្រ ការពារ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្ស ធម៌របស់ជនរងគ្រោះ។
បើតាមលោក ឃឹម ប៊ុនសុង បច្ចុប្បន្ននេះសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានយកចិត្តទុកដាក់បំពេញបេសកម្មមនុស្សធម៌ ស្របតាមវិស័យ ស្នូលទាំង៤ ការគ្រប់ គ្រងគ្រោះមហន្តរាយ, សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, លើកកម្ពស់គោល ការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស។
លោកបានបន្ថែមទៀតថា អគារនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ២,៤០០ម៉ែត្រការ៉េ ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះស្របតាមបាវចនា «ធ្វើឲ្យកាន់ តែច្រើនជាងមុន ធ្វើឲ្យកាន់តែល្អ ជាងមុនធ្វើឲ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យបាន កាន់តែឆ្ងាយជាងមុន»។
ជាមួយគ្នានេះដែរ សប្បុរសជនដែលអញ្ជើញមកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកវ៉ារិននេះ សប្បុរសជនបាន ចូលរួមថវិកា ១០,០៨០,០០០រៀល និង៥,៦៧០ដុល្លារ ប្រគល់ជូនអនុសាខាស្រុកស្វាយលើ ដើម្បីចាត់ចែង និងទ្រទ្រង់ សកម្មភាពមនុស្សធម៌ ក្នុងភូមិសាស្ត្ររបស់ខ្លួន។
ក្នុងពិធីនេះដែរ លោក ឃឹម ប៊ុនសុង បានឧបត្ថម្ភជូនដូនជី តាជី សំពត់ស១ដុំ ថវិកា២ម៉ឺនរៀល ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត ទទួលបានសារុង១ ថវិកា១ម៉ឺនរៀល យុវជនកាកបាទក្រហម និងសិស្សនុសិស្ស ទទួលបានសៀវភៅ២ក្បាល ប៊ិក២ដើម និងថវិកា ១ម៉ឺនរៀលផងដែរ៕