(ភ្នំពេញ)៖ បន្ទាប់ពីខិតខំបំពេញការងារនានាប្រចាំមូលដ្ឋានជារឿយៗរួចមក លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារចុះជួយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានដឹកនាំសប្បុរសជនស្ថាបនាផ្លូវបេតុងមួយខ្សែទៀត ជូនប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ សម្រាប់ជាចំណងដៃថ្មីមួយមុនថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខ។
ផ្លូវមួយខ្សែខាងលើនេះ ជាប្រភេទផ្លូវបេតុងឆ្អឹងដែក ប្រវែងទទឹង៧ម៉ែត្រ សង់លើកំណាត់ផ្លូវលេខ ១៩៨៦ ត្រង់ស្តុបផ្សារដីហុយ ឆ្ពោះទៅទិសខាងលិច ដោយចំណាយថវិកាសាងសង់អស់ជាង ៥ម៉ឺនដុល្លារអាមេរិក។
កាលពីមុន ផ្លូវនេះជាផ្លូវដីមានភក់ និងទឹកលិច ពិបាកក្នុងការធ្វើដំណើរ និងរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះជាយូរឆ្នាំមកហើយ ប៉ុន្តែចាប់ពីពេលនេះតទៅ ផ្លូវនេះត្រូវបានប្រែក្លាយជាផ្លូវ បេតុងស្អាតងាយស្រួលធ្វើដំណើរ មានប្រពន្ធលូ និងកំពុងរៀបចំដាក់អគ្គិសនីបំភ្លឺពេលយប់ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់នៅតំបន់នោះរីករាយអបអរសាទរយ៉ាងក្រៃលែង ព្រោះមានភាពងាយស្រួលក្នុងការចេញ-ចូល សមជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។
ប្រជាពលរដ្ឋបានសម្ដែងការអបអរសាទរ និងថ្លែងអំណរគុណចំពោះក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌសែនសុខ ដែលដឹកនាំដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ លោក ទិត ចន្ថា អនុប្រធានក្រុមការងារ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងអស់ អាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌសែនសុខ ពិសេសលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ។
ប្រជាពលរដ្ឋខណ្ឌសែនសុខ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលតែងតែខិតខំជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ជួយស្ថាបនាផ្លូវ ប្រព័ន្ធលូ ប្រព័ន្ធទឹក អគ្គិសនី និងសមិទ្ធផលនានាជាច្រើន រួមចំណែកក្នុងការអភិវឌ្ឍនៅក្នុងខណ្ឌសែនសុខ និងលើកកម្ពស់ជីវភាពរស់នៅកាន់តែល្អប្រសើរ និងរួមគ្នាធ្វើឱ្យទឹកដីរបស់កម្ពុជាក្លាយទៅជាកន្លែងគួរឱ្យចង់រស់នៅ ប្រកបដោយសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍ៕