(ភ្នំពេញ)៖ លោក ឡេង ណាវ៉ាត្រា ដែលគេស្គាល់ថា ជាចាងហ្វាងផលិតកម្ម Galaxy និង ជាម្ចាស់បុរីរាប់រយល្វែង ទោះបីជាមានភាពមមាញឹកនឹងការងារជំនួញជួញដូរដីធ្លី និងផ្ទះរាប់រយល្វែងក្ដី ប៉ុន្តែបើងាកមកការងារសប្បុរសធម៌ អតីតពលករបម្រើការងារនៅកូរ៉េរូបនេះ នៅតែមិនភ្លេចចូលរួមធ្វើកិច្ចការងារសង្គម និង កិច្ចការងារសប្បុរសធម៌ ខណៈកាលពីថ្មីៗនេះ លោកបានចាយថវិកាចេញពីហៅប៉ាវផ្ទាល់ខ្លួន ដើម្បីស្ដារលូ និងជួយជួសជុលផ្លូវ នៅក្នុងសហគមន៍មួយចំនួន ដែលធ្វើឲ្យមហាជនមានការស្ងោចសរសើជាខ្លាំង ចំពោះទឹកចិត្តរបស់លោក។
ជាការពិតណាស់ កាលពីកន្លងមក គេសម្គាល់ឃើញ លោក ឡេង ណាវ៉ាត្រា តែងតែចូលរួមជួយការងារមនុស្សធម៌ ចុះចែកអំណោយស្ទើរមិនដាច់ ជាហូរហែមក តែអ្វីកាន់តែពិសេសក្រៅពីបរិច្ចាគថវិកា និង ចែកអំណោយដល់ចាស់ៗ លោកក៏លូកដៃចូលការងារសង្គមថែមទៀត តាមរយៈការផ្ដល់លុយផ្ទាល់ខ្លួនដើម្បីស្ដារលូ និងជួយជួសជុលផ្លូវ នៅក្នុងសហគមន៍មួយចំនួនយ៉ាងលេចធ្លោ។ ការសរសើរដែលចេញពីមាត់ប្រជាពលរដ្ឋនេះ បានកើតឡើងបន្ទាប់ពីលោកបង្ហាញវត្តមាន ផ្ដល់ថវិកា និង ចែកអំណោយជូនដល់ពលរដ្ឋជាច្រើនគ្រួសារនៅក្នុងសង្កាត់ចោមចៅ កាលពីព្រឹកថ្ងៃទី៥ កក្កដា បន្ទាប់ពីលោកក៏ត្រូវគេដឹងថាមានសកម្មភាព កាន់តែលេចធ្លោ គួរឲ្យសរសើរ នាពេលចុងក្រោយ ក្នុងនាមជាបុគ្គលចិត្តធម៌មួយរូប។
អ្នកលេងហ្វេសប៊ុក ជាច្រើនសុទ្ធតែបង្ហាញការចាប់អារម្មណ៍ ក្រោយពីរូបចែកអំណោយរបស់លោក ត្រូវបាន បង្ហោះចូលទៅក្នុងបណ្ដាញអ៊ីនធឺណេត ដែលសកម្មភាពនេះ ហាក់ជាគម្រូដ៏ល្អមួយ ដើម្បីបំផុសចិត្តគំនិត និង ជួយលើកស្ទួយទង្វើនៃការចែករំលែក នៅក្នុងសង្គម។
លោក ឡេង ណាវ៉ាត្រា បានអះអាងថា លោកគឺជាអតីតពលករនៅកូរ៉េ និងជាអតីតកម្មករ ដែលធ្លាប់មានជីវភាពមិនគ្រប់សូម្បីតែបាយបីពេល ដូច្នេះក្រោយពេលដែលលោកប្រែក្លាយជាអ្នកសិល្បៈម្នាក់ និងជាអ្នកជំនួញម្នាក់ លោកត្រូវតែប្រើអោយអស់ពីលទ្ធភាពដើម្បីចែករំលែក និងយកចិត្តទុកដាក់ចំពោះអ្នកមានខ្វះខាតនៅក្នុងសង្គម។ លោកថា នេះមិនមែនជាលើកទី១នោះទេ ដែលធ្វើការចែកអំណោយ ដោយកាលពីកន្លងមក លោកតែងយកផលចំណេញពីការលក់ដី និងលក់បុរី យកលុយមកទិញជាសម្ភារៈ និងចាត់ចែងជាអំណោយ ជូនដល់កម្មករ និងគ្រួសារអ្នកក្រីក្រជាប្រចាំ ជាពិសេសនៅក្នុងសហគមន៍ ដែលលោកបានឃើញពីការលំបាក និងមានការស្នើដោយមេភូមិ ឬម្ចាស់សហគមន៍ ដែលជួបផលវិបាក។
ជាមួយគ្នានេះដែរ លោកក៏បានផ្ដល់ថវិការួមចំណែកដល់កាកបាទក្រហម និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមជាវិភាគទានជួយដល់សង្គមទាំងមូល ផងដែរ ។ លោកមិនខ្លាចនឹងការចែករំលែកនូវអំណោយ និងក្ដីស្រឡាញ់ជូនដល់អ្នកតូចទាបជាងខ្លួននោះទេ ដោយសារតែពេលកន្លងមក លោកគឺជាបុគ្គលម្នាក់ ដែលបានធំធាត់ក្នុងត្រកូលអ្នកក្រខ្សត់ ហើយយល់ពីការលំបាកដែលបានកើតឡើង។ លោកនឹងធ្វើសកម្មភាពសង្គម មិនដកដៃនោះទេ ដោយលោកក៏បានដាក់គម្រោងបន្តជួយស្ដារលូ និងជួសជុលផ្លូវជាប្រយោជន៍ដល់ពលរដ្ឋដើម្បីអោយមានផ្លូវល្អប្រើនៅក្នុងតំបន់ដែលលោកបានទទួលសំណើរ តាមលទ្ធភាពដែលលោកអាចធ្វើបាននោះផងដែរ៕