(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានស្នើឲ្យកម្លាំងប្រដាប់ អាវុធខេត្ដ ត្រូវចាត់វិធានការលើជនណា ដែលដើរបំផុសបំផុលថា ទឹកខ្មៅសម្រាប់ឲ្យអ្នកបោះឆ្នោតជ្រលក់ដៃ នាថ្ងៃទី២៩ ខាងមុខនេះ ធ្វើឲ្យអ្នកបោះឆ្នោតស្លាប់ បន្ទាប់ពីជ្រលក់ដៃហើយ ក្រោយរយៈពេល២៤ម៉ោង។
ការសើ្នសុំយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយភ្នាក់ងារសង្កេតការណ៍ ស.ស.យ.ក សមាគមនារី, ភ្នាក់ងារ គណបក្សស្រុកជើងព្រៃ និងកងកម្លាំងប្រដាប់អាវុធខេត្ដ សរុបជិត១,០០០នាក់ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលរៀបចំធ្វើឡើង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ថ្លែងក្នុងពិធីនោះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធខេត្ដ ត្រូវអនុវត្ដដាច់ខាត ចំពោះជនណា, ក្រុមណា, អង្គការណា, ដែលខ្សឹបខ្សៀវបំភិតបំភ័យ, ឃោសនាបោះឆ្នោតថា ទឹកខ្មៅជ្រលក់ដៃ បោះឆ្នោត ក្នុងរយៈពេល២៤ម៉ោង និងស្លាប់បាត់បងជីវិត។
លោកបណ្ឌិត ម៉ា ឈឿន បានបន្ថែមទៀតថា ការអនុវត្ដយ៉ាងដូច្នេះ គឺធ្វើឡើងស្របតាមបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្ដេចបានដាក់បញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការលើក្រុម ដែលបានប្រជុំគ្នាសម្ងាត់ ដើម្បីរៀបចំផែនការញុះញង់ថា ទឹកខ្មៅសម្រាប់ឲ្យអ្នកបោះឆ្នោតជ្រលក់ដៃ ធ្វើឲ្យអ្នកបោះឆ្នោតស្លាប់ បន្ទាប់ពីជ្រលក់ដៃហើយ ក្រោយរយៈពេល២៤ម៉ោង។
ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម រូបនេះ បានបន្ដថា កងកម្លាំងប្រដាប់អាវុធខេត្ដ ត្រូវតែអនុវត្ដឲ្យខានតែបានជាដាច់ខាត និងត្រូវចាត់វិធានការ ដើម្បីបញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមច្បាប់ភ្លាមៗ ព្រោះពួកនេះ គឺជាចលនាក្រុមពួកឧក្រិដ្ឋ ដែលមានទោសឧក្រិដ្ឋ។
ជាមួយគ្នានោះ លោកបណ្ឌិត ម៉ា ឈឿន ក៏បានអំពាវនាវឲ្យភ្នាក់ងារ គណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃទាំងអស់ ត្រូវការពារគ្រប់ការិយាល័យបោះឆ្នោត ទូទាំងស្រុក និងការពារហឹបឆ្នោត, លទ្ធផលបោះឆ្នោត ឲ្យខានតែបានជាដាច់ខាត ព្រោះនេះគឺភារកិច្ចសំខាន់ ចំពោះភ្នាក់ងារសង្កេតការណ៍ របស់គណបក្សប្រជាជនស្រុក និងភ្នាក់ងារសង្កេតការណ៍ចំពោះគណបក្ស។
តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានលើកឡើងទៀតថា សមាជិកបក្សប្រជាជនកម្ពុជា ទូទាំងស្រុកជើងព្រៃទាំងអស់ គឺជាបេះដូងរបស់បក្សប្រជាជន, ជាដៃស្ដាំរបស់បក្សប្រជាជន, ជាភ្នែកបក្សប្រជាជន, ជាច្រមុះរបស់បក្សប្រជាជន, ជាតំណាងឈានមុខរបស់បក្សប្រជាជន, និងជាកម្លាំងនៅផ្ទាល់ និងការិយាល័យបោះឆ្នោត៕