(កណ្ដាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានលើកឡើងថា នៅក្នុងអំឡុងថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ អាណត្ដិទី៦ ថ្ងៃទី២៩ ខែកក្កដា នាពេលខាងមុខនេះ គឺហាមមិនឲ្យមានការលក់ភេសជ្ជៈគ្រឿងស្រវឹង និងហាមមិនឲ្យផឹកស្រា នៅក្នុងអំឡុងពេលថ្ងៃបោះឆ្នោតនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បើសិនជាមានអ្នកណាផឹកស្រាចាក់បាស់រាំច្រៀងលេងនោះ អាចប្រឈមនឹងការមានទោសទណ្ឌ ពីព្រោះវាផ្ទុយពីច្បាប់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប ។

ការលើកឡើងយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនីសរុប ២៧,៥២៩នាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃព្រសហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «បន្ដិចទៀត នឹងមានសារាចរណ៍ណែនាំរបស់ពូចេញ...ដែលបានចុះហត្ថលេខា តាមសំណើររបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត គឺតាមទម្លាប់ធម្មតា​ គឺហាមផឹកស្រា​ នៅថ្ងៃបោះឆ្នោត ចាប់ពីម៉ោង១២ ថ្ងៃទី២៨ ទៅដល់ម៉ោង១២ ថ្ងៃទី២៩ គឺជាម៉ោងហាមលក់ស្រា និងហាមផឹកស្រា ប៉ុន្ដែមានក្រុមមួយនោះ គេថាថ្ងៃហ្នឹងគេនឹងផឹកស្រាចាក់មេក្រូរាំ...អូ ជួញជាប់គុបហើយ»

សម្ដេចបានបន្ថែមទៀតថា «សូមបងប្អូនអ្នកលក់ភេសជ្ជៈគ្រឿងស្រវឹងទាំងឡាយ សូមផ្អាកការលក់ក្នុងអំឡុងថ្ងៃបោះឆ្នោត ហើយអ្នកនិយមផឹកស្រា ក៏សូមផ្អាកនៅក្នុងថ្ងៃហ្នឹងផងដែរ កុំឲ្យក្នុងថ្ងៃការបោះឆ្នោត កើតមានការ ស្លាប់មនុស្ស ឬរបួសមនុស្ស ដោយសារតែគ្រឿងស្រវឹង...សូមឲ្យការបោះឆ្នោតនៅកម្ពុជា បោះឆ្នោតទៅប្រកបដោយសុវត្ថិភាព ដោយរលូនគ្មានអំពើហិង្សា និងការប្រមាទកើតឡើង នៅក្នុងអំឡុងការបោះឆ្នោត»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ត្រូវធ្វើយ៉ាងម្ដេចធានាឲ្យប្រទេសកម្ពុជា ក្នុងថ្ងៃបោះឆ្នោតដោយការសុខសាន្ដ គ្មានការផិតភ័យ គ្មានការភ័យក្លាយ គ្មានការប្រើប្រាស់នូវគ្រឿងស្រវឹង ដែលនាំទៅដល់ហិង្សា។ ជាមួយគ្នានោះ សម្ដេចក៏បានអំពាវនាវឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ប្រព្រឹត្តិដូចៗគ្នា ចំពោះបណ្ដាបក្សនយោបាយ ការពារឲ្យដូចៗគ្នា នៃបេក្ខជនដែលឈរឈ្មោះ ក៏ដូចជាសកម្មជន ដែលត្រូវហែរក្បូន ឬការជួបជុំ។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានលើ់កឡើងថា គណបក្សប្រជាជន ចង់ឈ្នះឆ្នោតក៏ប៉ុន្ដែមិនភ្លេចខ្លួនថា ជាបក្សកំពុងកាន់អំណាច បក្សដែលត្រូវមានការទទួលខុសត្រូវ ក្នុងនាមរាជរដ្ឋាភិបាល មិនមែនគិតតែពីរឿងឈ្នះ ដោយភ្លេចគិតអំពីស្ថានភាព ដែលកំពុងតែការពារនៅដំណើរការបោះឆ្នោតទាំងមូលនោះទេ។

ប្រមុខដឹកនាំកំពូលកម្ពុជា បានបញ្ជាក់ថា គណបក្សណាឈ្នះ គណបក្សណាចាញ់ គឺវាជារឿងមួយតែរឿងដែលធំជាងគេ គឺជាតិរបស់យើងឈ្នះទាំងអស់គ្នាតាមរយៈការបោះឆ្នោត ឲ្យបានសេរីឲ្យត្រឹមត្រូវ ឲ្យយុត្ដិធម៌ តាំងពីដើមរហូតដល់ចប់។

ទន្ទឹមគ្នានោះផងដែរ សម្ដេចតេជោ ក៏បានអំពាវនាវដល់មន្ដ្រីខាងគណបក្សប្រជាជន សូមកុំឲ្យភ្លេចខ្លួន ដែលខ្លួនជាមន្ដ្រីនៅក្នុងកិច្ចការរបស់រដ្ឋ សូមប្រយ៉ាត់ប្រយែង កុំប្រើប្រាស់រថយន្ដរបស់រដ្ឋ កុំប្រើប្រាស់សាំងរបស់រដ្ឋ កុំប្រើប្រាស់អ្វី ដែលជាមធ្យោបាយរបស់រដ្ឋដើម្បីបម្រើឲ្យការងារគណបក្ស៕