(កណ្ដាល)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តាំក្ដែងៗទៅកាន់លោក ប្រេដ អាដាម ដែលជាអ្នករិះគន់មាក់ងាយកម្ពុជាដ៏គគ្លើនម្នាក់ថា កម្ពុជាមិននៅក្រោមច្បាប់របស់បរទេសណាមួយនោះឡើយ ប្រទេសកម្ពុជាជារដ្ឋអធិបតេយ្យ មានឯករាជ្យភាពរឹងមាំ ហើយក៏ជាសមាជិកអង្គការសហប្រជាជាតិ ពេញមុខពេញមាត់នឹងគេដែរ។
ការដែលលោក ប្រេដ អាដាម ជានាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ត្រូវព្រនូងរបស់នាយករដ្ឋមន្ត្រីកម្ពុជាយ៉ាងដូច្នេះ គឺដោយសារកាលពីពេលថ្មីៗនេះ លោក ប្រេដ អាដាម បានចេញសេចក្ដីថ្លែងការណ៍វាយប្រហារមកលើថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធកម្ពុជាចំនួន១២នាក់។
ប្រតិកម្មយ៉ាងចាស់ដៃទៅលើលោក ប្រេដ អាដាម យ៉ាងដូច្នេះ កើតឡើងក្នុងពេលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ- កម្មការិនីជិត ៣ម៉ឺននាក់ នៅខេត្តកណ្តាល នាព្រឹកថ្ងៃព្រសហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨
សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «ផ្ដាំទៅប្រេដអាដាមម្ដងទៀត ត្រឹមតែ១២នាក់អត់គ្រប់ទេ បើគិតទាំងប៉ូលីស ១៦ម៉ឺននាក់ អ្នកឯងដាក់ទាំងអស់ទៅ ព្រោះថ្ងៃមុនខ្ញុំនិយាយតែទាហានទេ តែឥលូវនិយាយថែមទាំងប៉ូលីសទៀត។ ឧបករណ៍ការពាររដ្ឋ គឺកងទ័ព នគរបាល ហ្ចឹងអ្នកឯងដាក់ត្រឹម ១២នាក់ មិនទាន់គ្រប់ទេ ហើយសូមកុំភ្លេចណា ប្រទេសកម្ពុជាមិនមែននៅក្រោមឥទ្ធិពលច្បាប់របស់អ្នកឯង កុំមកចង្អុលមេទាហានខ្មែរ មេប៉ូលីសខ្មែរ អ្នកឯងគ្មានសិទ្ធិទេ នេះជារដ្ឋអធិបតេយ្យ»។
មិនតែប៉ុណ្ណោះ មេដឹកនាំកំពូលកម្ពុជាក៏បានព្រមានបិទទិដ្ឋការ (VISA) ចេញ-ចូលកម្ពុជាពីលោក ប្រេដ អាដាម ថែមទៀតផង ដោយសម្ដេចបានបញ្ជាក់ថា សម្ដេចមានសិទ្ធិមិនឱ្យ VISA ដល់លោក ប្រេដ អាដាម ចូលក្នុងប្រទេសកម្ពុជា ហើយបើសម្ដេចមិនផ្ដល់ VISA ឱ្យទេ លោក ប្រេដ អាដាម ក៏គ្មានសិទ្ធិជាន់ទឹកដីកម្ពុជាបានដែរ។
ទង្វើរបស់លោក ប្រេដ អាដាម ធ្វើមកលើកម្ពុជាយ៉ាងដូច្នេះ ប្រៀបបីដូចជាចង់ធ្វើជាចៅហ្វាយនាយមកលើកម្ពុជា ទុកកម្ពុជាជាកញ្ជះដាច់ថ្លៃ ខណៈកម្ពុជាជារដ្ឋអធិបតេយ្យមួយដ៏រឹងមាំ។
ជាមួយនឹងក្ដីឈឺចាប់កាលពីអតីតកាល នាយករដ្ឋមន្ត្រីដែលធ្លាប់ហែលឆ្លងសង្គ្រាមជាច្រើនឆ្នាំរូបនេះ បានថ្លែងថា ដោយសារបរទេសទាំងនោះតាំងខ្លួនធ្វើជាចៅហ្វាយខ្មែរបែបនោះហើយ ទើបប្រជាជនខ្មែររាប់លាននាក់ធ្លាក់ខ្លួនរងគ្រោះស្លាប់យ៉ាងរង្គាល កាលពីអតីតកាល។ សម្ដេចបានបន្តថា ចាប់ពីពេលនោះតទៅ ខ្មែរមិនឱ្យពួកបរទេសទាំងនោះធ្វើជាចៅហ្វាយនាយទៀតនោះឡើយ ពីព្រោះខ្មែរសម័យនេះ មិនមែនខ្មែរដែលលក់ជាតិ បំផ្លិចបំផ្លាញជាតិ ហើយក្លាយទៅជាពូជពង្សក្បត់ជាតិតាំងពីឪរហូតដល់កូននោះទេ។
ការបញ្ជាក់បែបនេះ ហាក់ចង់សំដៅទៅលើលោក សម រង្ស៊ី និងបក្ខពួក ដែលបាននិងកំពុងប្រើឧបាយកលបំផ្លាញជាតិ បំបែកបំបាក់ជាតិ ពិសេសបំផ្លាញការបោះឆ្នោតនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខឆាប់ៗនេះ៕