(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក ព្រមទាំងកងទ័ពចំណុះបញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក ទាំងអស់ បានចេញមកប្រតិកម្មយ៉ាងខ្លាំង ព្រមទាំងថ្កោលទោសដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលបានអំពាវនាវជាថ្មីម្តងទៀតឲ្យកងកម្លាំងប្រដាប់អាវុធបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងថ្កោលទោសដែល Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ លោកមេបញ្ជាការ និងកងទ័ពនៃបញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក ក៏បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការចំពោះទណ្ឌិតក្បត់ជាតិរូបនេះ យកមកផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុតតាមផ្លូវច្បាប់ជាធរមាន។
ការចេញថ្កោលទោស និងសំណើចាត់វិធានការលើលោក សម រង្ស៊ី ពីសំណាក់បញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក នេះ បានធ្វើឡើងបន្ទាប់ពីលោកទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ បានចេញមកអំពាវនាវជាថ្មីម្តងទៀតឲ្យកងកម្លាំងប្រដាប់អាវុធងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។
នេះមិនមែនជាលើកទី១នោះឡើយសម្រាប់ទណ្ឌិត សម រង្ស៊ី ដែលមានឈាមជ័រតំណរពីឪពុកជាជនក្បត់ជាតិ ចេញមកពំពាវនាវឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជានោះ។ ទណ្ឌិតរូបនេះ ក៏កំពុងជាប់បណ្តឹងរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទជុំការអំពាវនាវមួយនេះផងដែរ។
ទង្វើរបស់លោក សម រង្ស៊ី ត្រូវបានគេមើលឃើញថា ជាទង្វើកំពុងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងបំផ្លាញសុខសន្តិភាពរបស់កម្ពុជា ដែលប្រជាប្រជាពលរដ្ឋត្រូវការចាំបាច់៕