(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានរំលឹកជាថ្មី អំពីជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់សង្រ្គាម ដែលប៉ុនប៉ងបង្កើតឡើងដោយ អតីតគណបក្សប្រឆាំង។ សម្តេចបានបញ្ជាក់ថា បើសិនជា គណបក្សសង្រ្គោះជាតិ មិនត្រូវបានរំលាយទេនោះ សង្រ្គាមនៅកម្ពុជា ក៏មិនអាចគេចផុតនោះឡើយ ដោយសារតែគណបក្សប្រឆាំងនេះ ធ្វើនយោបាយសងសឹក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត៣ម៉ឺននាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កម្ពុជាចៀសមិនផុតពីសង្រ្គាមនោះទេ ប្រសិនបើអាបក្ស (គណបក្សសង្រ្គោះជាតិ) ចង្រៃមួយនោះ វាមិនត្រូវបានផ្តន្ទាទោសរំលាយបក្សវានោះ ព្រោះអាងអីឡើង អាងតែសងសឹក នយោបាយ ចេញមកមានអញអត់ឯង មានឯងអត់អញ អញ្ចឹងតើនរណាគេសុខចិត្ត គេមិនសុខចិត្តទេ គេដាក់អាយះក្បាលឥឡូវហ្នឹង កុំឆ្ងល់ពេក គ្មាននរណាគេឱ្យអ្នកឯងធ្វើតែពាសអញ្ចឹងទេ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់ផងដែរ ដល់មេដឹកនាំអតីតគណបក្សប្រឆាំង ដោយសំដៅទៅរក លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលបានចោទគណបក្សចំនួន១៩ ចូលរួមក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំំណាងរាស្រ្ត អាណត្តិទី០៦ ថាជាគណបក្សរណបឱ្យគណបក្សប្រជាជនកម្ពុជា។
សម្តេចបញ្ជាក់ថា៖ «គេធ្វើនយោបាយ គេស្វះស្វែងរកការបង្រួបបង្រួមជាតិ ឯងធ្វើនយោបាយលាបពណ៌គេរហូត ឥឡូវ១៩ គណបក្សនយោបាយ សុទ្ធតែអាយ៉ងទាំងអស់ ជេរពូសុទ្ធតែអាយ៉ងបរទេស ប៉ុន្តែជេរគណបក្ស១៩ផ្សេងទៀត សុទ្ធតែជាបក្សអំពិលអំពែក បក្សអាប បក្សទប់ជើងគ្រែ បក្សរណប យ៉ាប់ជាងគេគឺបក្សទប់ជើងគ្រែ»។
សម្តេចបានអះអាងថា ទោះបីជាគណបក្សទាំងនោះតូច ឬបក្សធំក៏ដោយ ក៏ពួកគេមានសិទ្ធិក្នុងការបង្កើតគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដើម្បីដណ្តើមប្រជាប្រិយភាពដឹកនាំប្រទេស ដោយស្របច្បាប់។ គេមានសេរីភាពពេញលេញ ទោះបីជាកម្មវិធីនយោបាយ របស់ពួកគេយ៉ាងម៉េចក៏ដោយ។ សម្តេចទុកថាការរិះគន់របស់ អតីតមេបក្សប្រឆាំង គឺជារឿងដែលប្រមាថដល់គណបក្សដទៃ។
សម្តេចតេជោ បានបញ្ជាក់ទៀតថា «បើលាបពណ៌បែបនេះ គឺនរណាគាំទ្រខ្លួន គឺស្នេហាជាតិ មិនគាំទ្រខ្លួនគឺអាយ៉ងបរទេសទាំងអស់ ហើយបើអញ្ចឹងៗសួរថា បង្រួបបង្រួមជាតិបែបណា ខ្ញុំមិនយល់ព្រមទេ ដូច្នេះហើយ ដែលឃើញស្ថានភាពដូច្នេះហើយ បានពូប្រកាសថា និងបន្តតំណែងក្នុងមុខងារជានាយករដ្ឋមន្រ្តី រយៈពេល១០ឆ្នាំយ៉ាងតិច ពូចង់វ៉ៃពួកអាចង្រៃ ដែលបំផ្លាញជាតិ បំផ្លាញឯកភាពជាតិ ឯកភាពទឹកដី ហើយហ៊ានរហូតដល់កាត់ទឹកដី៤ខេត្តឱ្យទៅបរទេសថែមទៀត ពូហ្នឹងតបតជាមួយអាហ្នឹង ដល់ទីបញ្ចប់»។
សម្តេចតេជោ បានបន្តទៀតថា «ឥឡូវ គណបក្សចំនួន១៩ គណបក្សក្លាយទៅជាអាយ៉ងទាំងអស់ វាពូកែលាបពណ៌ហួសពេក នរណានៅជាមួយគេ គេហៅស្នេហាជាតិ នរណាទៅតាមបក្សដទៃ គឺអ្នកក្បត់ជាតិទាំងអស់ បើអញ្ចឹងៗ តើគេសុខចិត្តទេ ពិតជាមិនអាចសុខចិត្តទេ។ ប្រទេសជាតិរបស់យើង ក្មួយៗត្រូវជា បើសិនសង្រ្គាមកើតឡើង សន្តិភាពជំនួសវត្តមាននៃសង្រ្គាម គ្មានទេដែលហៅថា ការងារ និងប្រាក់ចំណូល មានតែការរត់លូន ខាតបង់តែប៉ុណ្ណោះ ទាំងជីវិតមនុស្ស ទាំងសត្វ ទាំងទ្រព្យសម្បត្តិ»៕