(ព្រះវិហារ)៖ លោក មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការមន្ទីរជុំវិញខេត្ត ព្រះសង្ឃ ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានចូលរួមសម្ភោធខ្លោងទ្វារវត្តគោគបេង ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ និងប្រគេនទៀន ព្រះវស្សា ទេយ្យវត្ថុដល់១០១វត្តផងដែរ។
នៅក្នុងឱកាសនោះ លោក មាស សុភា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលមានស្រាប់នៅកម្ពុជានេះ ឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យប្រទេសជាតិ កាន់តែមានការ អភិវឌ្ឍជាបន្តបន្ទាប់ទៀត។ លោកបញ្ជាក់ទៀតថា សុខសន្តិភាពដែលត្រូវចូលរួមថែរក្សានោះ គឺកុំជឿតាមការញុះញុង របស់ក្រុមជនអគតិមួយចំនួន ត្រូវបន្តគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ត្រូវចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនោះប្រជាពលរដ្ឋទាំងអស់ត្រូវប្រឆាំងដាច់ខាត មិនឲ្យមានបដិវត្តន៍ពណ៌ កើតឡើងនៅកម្ពុជាឡើយ។
លោកបន្តថា អ្វីដែលប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ គឺត្រូវត្រៀមលក្ខណៈអញ្ជើញ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នោះប្រទេសកម្ពុជាបានទទួលសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ទៀតមិនខាន។
ក្នុងពិធីនោះដែរលោក មាស សុភា និងលោកអ៊ុន ចាន់ដា បានប្រគេនថវិកាចំនួន១៥,០០០ដុល្លារ សម្រាប់ថ្លៃសាងសង់ខ្លោងទ្វារវត្ត និងបានប្រគេនថវិកា ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យដល់វត្តទាំង ១០១វត្ត ព្រមទាំងបានជូនថវិកា ជូនសារ៉ុងដល់លោកតា លោកយាយ និងប្រជាពលរដ្ឋចូលរួមជិត ១,០០០នាក់ ព្រមទាំងបានរាប់បាត្រព្រះសង្ឃជាង ១០០អង្គផងដែរ។
សូមបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនាបច្ចុប្បន្ននេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសលើកកម្ពស់ លើកតម្កើង។ មិនតែប៉ុណ្ណោះ កម្ពុជាបានចាត់ទុកវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋថែមទៀតផង។ បើគេក្រឡេកមើលកាលមុនឆ្នាំ១៩៧៩ ក្រោមការដឹកនាំដោយរបប ប៉ុល ពត វិស័យព្រះពុទ្ធសាសនា ត្រូវបានរបបអាវខ្មៅនោះ លុបបំបាត់ចោល វត្តអារ៉ាមនានាក្លាយជាឃ្លាំងដាក់សម្ភារផ្សេងៗ ក្លាយជាកន្លែងសម្លាប់មនុស្សយ៉ាងឃោឃៅបំផុត។ ផ្អែកតាមប្រវត្តិសាស្ត្រ ដ៏ល្វីងជូរចត់នេះ យើងទាំងអស់គ្នា ត្រូវធ្វើការប្រឆាំងដាច់ខាតមិនឲ្យរបបនេះ កើតមានជាថ្មីនៅលើទឹកដីកម្ពុជាយើង៕