(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ លោកអ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ, លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ, និងលោក ចាប សុម៉េង អនុប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្ត បានអញ្ជើញបញ្ចុះបឋមសិលា សាងសង់អាគារសិក្សាថ្មី ១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាព្រហូត សង្កាត់អូរអំបិល ដែលជាអំណោយរបស់លោកកែ គឹមយ៉ាន សមាជិកគណអចិន្រ្តៃគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ។
លោក ហ៊ឹល រ៉ាយ៉ា បានអានរបាយការណ៍សង្ខេបនៅក្នុងក្រុងសិរីសោភ័ណ ព្រមទាំងបានលើឡើងថា សាលាបឋមសិក្សាព្រហូត កន្លងមកមានការលំបាកក្នុងការសិក្សារៀនសូត្រ ពិសេសអាគារសិក្សាចាស់ទ្រុឌទ្រោម ដែលធ្វើឲ្យសិស្សានុសិស្សរៀនសូត្រមិនកើតនៅពេលពេលមានភ្លៀងម្តងៗ។
លោកបន្តថា សិស្សានុសិស្សនៅក្នុងសាលាមានចំនួនសរុប ៤៨០នាក់ លោកគ្រូ អ្នកគ្រូ១៨នាក់។ ជាមួយគ្នានោះលោកអភិបាលក្រុង ក៏បានថ្លែងអំណរគុណចំពោះលោក កែ គឹមយ៉ាន ដែលបានផ្តល់អាគារសិក្សា មួយខ្នងនេះ សម្រាប់សិស្សានុសិស្សបានរៀនសូត្រ។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា លោកអ៊ុ រាត្រី បានលើកឡើងថា ដោយមើលឃើញផលលំបាករបស់សិស្សានុសិស្ស ក្នុងការរៀនសូត្រ និងឆ្លើយតបតាមការសំណូមពររបស់ប្រជាពលរដ្ឋ ទើបលោកកែ គឹមយ៉ាន បានសម្រេចផ្តល់ជូនអាគារមួយសិក្សាមួយខ្នងនេះ សម្រាប់ជាថ្នាល ផ្តល់ចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ លោកបន្តថា មិនមែនតែសាលាមួយខ្នងនេះទេដែល លោកកែ គឹមយ៉ាន បានផ្តល់ជូន ពោលគឺមានសាលាជាច្រើនខ្នងនៅទូទាំងខេត្តបន្ទាយមានជ័យ។
លោកអភិបាលរងខេត្ត បានលើកឡើងទៀតថា នេះក៏ដោយសារមានថ្នាក់ដឹងនាំល្អប្រកបដោយគតិបណ្ឌិតខ្ពង់ ក្នុងការដឹកនាំប្រទេសជាតិឆ្ពោះទៅរកភាពរីកចម្រើន ល្បីរន្ទឺលើឆាកអន្តរជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ពិសេសប្រមុខរាជរដ្ឋាភិបាល បានយកចិត្តិទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ដោយក្នុងនោះសាលារៀនជាច្រើនខ្នង ច្រើនបន្ទប់ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានផ្តល់ជូនសិស្សានុសិស្សបានរៀន ស្ទើរគ្រប់ទីកន្លែង។
លោកអភិបាលរងខេត្ត បានសំណូមឲ្យប្រជាពលរដ្ឋត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាថ្ងៃទី២៩ ខែកក្តដា ខាងមុខនេះ កុំបីខាន់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត និងដើម្បីកាតព្វកិច្ច ជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ។
ក្នុងឱកាសនោះលោក អ៊ុ រាត្រី បាននាំមកនូវអំណោយរបស់លោកកែ គឹមយ៉ាន ចែកជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរួមមាន៖ សិស្សានុសិស្ស៤៨០នាក់ ម្នាក់ៗទទួលបាន សៀវភៅ២ក្បាល និងប៊ិច ២ដើម លោកគ្រូ អ្នកគ្រូ ១៨នាក់ ម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា២ម៉ឺនរៀល រួមនឹងប្រជាពលរដ្ឋ ២០០នាក់ ម្នាក់ទទួលបានសារ៉ុង១ផងដែរ៕