(កំពង់ចាម)៖ មន្ដ្រីនគរបាលជាតិចំនួន១៩៧នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក និងលោក កៅ សុខអាន អភិបាលរងខេត្ត។
ក្នុងនោះក៏មានការចូលរួមពី ព្រះរាជអាជ្ញាអបសាលាដំបូងខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត
លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រីនាយរងការិយាល័យ លោកអធិការស្រុក ក្រុងទាំង១០ ចូលរួមសរុបចំនួន២៧២នាក់។
ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឡើងអានរបាយការណ៍ស្វាគមន៍ ហើយជាកិច្ចបន្ត លោកឧត្តមសេនីយ៍ត្រី ប៉ិង បូរ៉ា នាយការិយាល័យលើកសរសើរ បានឡើងអានព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្តីម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីតម្លើងឋានន្តរស័ក្តិមន្រ្តីនគរបាលជាតិ និងអានអនុក្រឹត្យ និងប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខដំណែង តម្លើងឋានន្តរស័ក្តិ និងទទួលប័ណ្ណសរសើរ លិខិតសរសើរ ដល់មន្ត្រីនគរបាលជាតិ ដែលមានស្នាដៃ ក្នុងកិច្ចការងារការពារថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
ថ្លែងក្នុងឱកាសនោះ លោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងសង្គមជាតិ នាពេលកន្លងមក សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សង្គម មានលក្ខណៈស្ងប់ស្អាត់ល្អប្រសើរ មិនមានបាតុភាពអ្វីកើតឡើង ក្នុងភូមិសាស្រ្តទូទាំងខេត្តកំពង់ចាម ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៃកម្ពុជា។
ជាពិសេសនៅក្នុងអំឡុងមុនពេលថ្ងៃការឃោសនា ស្វែងរកសន្លឹកឆ្នោតរបស់គណបក្សនយោបាយ, ថ្ងៃប្រព្រឹត្តទៅនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត រហូតថ្ងៃរៀបចំប្រកាសរាជរដ្ឋាភិបាលថ្មី ស្របច្បាប់ជាផ្លូវការ កងកម្លាំងនគរបាល និងកងកម្លាំងប្រដាប់អាវុធទាំង២អង្គភាពទៀត ចូលរួមការងារថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សារណៈឲ្យបានល្អប្រសើរ ស្ងប់សាត់ មានតម្លាភាព យុត្តិធម៌ គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ គ្មានអំពើហិង្សា។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ បានផ្ដាំផ្ញើសួរសុខទុក្ខដល់កងកម្លាំងនគរបាលជាតិ ដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ បានថ្លែងចូលរួមអបអរសារទរ ដល់មន្ត្រីនគរបាលជាតិ ដែលទើបបំពាក់ឋានន្តរស័កិ្តថ្មី និងបានសរសើរដល់កងកម្លាំងនគរបាលជាតិ ទូទាំងខេត្តកំពង់ចាម ដោយមានវិន័យក្នុងកងជួរបានល្អ គោរពអនុវត្តន៍អនុសាសន៍ បទបញ្ជា របស់ថ្នាក់ដឹកនាំ ចង្អុលបង្ហាញប្រកបដោយប្រសិទ្ធភាព ដោយចូលរួមថែរក្សា សន្តិសណ្ដាប់ធ្នាប់ ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព ព្រមទាំងមានកសាងអភិវឌ្ឍន៍ មានរីកចម្រើន។
លោកបានសង្កត់ធ្ងន់ថា ត្រូវមានឆន្ទៈមុះមុតរបស់ខ្លួនដែលបានធ្វើ, ត្រូវមានការព្យាយាមបន្តិច និងទទួលបានជោគជ័យ, ត្រូវយកចិត្តទុកដាក់ក្នុងការងាររបស់ខ្លួនជាប្រចាំ និងត្រូវមានចំណេះដឹង និងបទពិសោធន៍ ពង្រីកសមត្ថភាពបន្ថែមទៀត ដើម្បីឱ្យទាន់សម័យកាលនាពេលបច្ចុប្បន្ន៕